កីឡាករ Chelsea Batshuayi សប្បាយចិត្តដែលបានមកចូលរួមជាមួយក្លិប Besiktas
(BC-99)
ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Michy Batshuayi បាននិយាយថាខ្លួនពិតជាមានក្តីរីករាយជាខ្លាំងដែលបានផ្លាស់ទៅលេងនៅប្រទេស ទួរគី ជាមួយក្លិប Besiktas ។
Batshuayi បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះអ្នកគាំទ្រក្រុមបាល់ទាត់ Besiktas ដែលបានប្រមូលគ្នាមកទទួលស្វាគមន៍រូបគេនៅអាកាសយានដ្ឋាននាទីក្រុង Istanbul កាលពីម្សិលមិញ។
កីឡាករសញ្ជាតិ បែលហ្ស៊ិក រូបនេះទើបតែបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយ Crystal Palace នៅចុងរដូវកាលមុនក៏នៅតែមិនមានកៅអីជាប់លាប់ណាមួយនៅ Chelsea នារដូវកាលនេះហើយត្រូវបានអនុញ្ញាតិឱ្យ Besiktas ខ្ចីយកទៅលេងជាបន្ត។
ការត្រួតពិនិត្យសុខភាពនឹងត្រូវធ្វើឡើងនាពេលបន្ទាប់ពីនេះខណៈដែល Batshuayi បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖“ខ្ញុំពិតជារីករាយណាស់ដែលត្រូវបានផ្ទេរមក Beşiktaş នេះ។ វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំរង់ចាំចូលរួមប្រកួតស្ទើរពុំបាន។ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ចំពោះការស្វាគមន៍ដ៏មហិមាចំពោះរូបខ្ញុំ។ ជួបគ្នានៅកីឡដ្ឋានឆាប់ៗនេះតាមដែលអាចធ្វើទៅបាន” ។
គួរបញ្ជាក់ថា Batshuayi ត្រូវបានតោខៀវ ទិញពីក្រុម Marseille នៅឆ្នាំ ២០១៦ រូបគេបានលេងឱ្យ Chelsea ២រដូវកាលដោយចូលរួមលេងបាន ៤៨ ប្រកួតស៊ុតបញ្ចូលទីបាន ៨ គ្រាប់។ ចាប់តាំងពីឆ្នាំ ២០១៨ មកខ្សែប្រយុទ្ធរូបនេះក៏ត្រូវបាន Chelsea សម្រេចឱ្យក្លិបដទៃទៀតខ្ចីយកទៅលេងដែលមានដូចជា Borussia Dortmund, Valencia, Crystal Palace និងចុងក្រោយនេះគឺ Besiktas នេះតែម្តង។