David de Gea វឹលមកហ្វឹកហាត់ជាមួយក្រុមបិសាចក្រហមមុនថ្ងៃកំណត់វិស្សមកាល
(BC-99)
David de Gea ត្រូវបានគេរាយការណ៍ថាបានកាត់បន្ថយថ្ងៃឈប់សម្រាកវិស្សមកាលរបស់ខ្លួនចោលរួចមកចូលរួមហ្វឹកហាត់ជាមួយក្រុមក្នុងគោលបំណងថែរក្សាតំណែងអ្នកចាំទីជម្រើសដំបូងរបស់ Manchester United ។
De Gea បានចំណាយពេលវេលាយ៉ាងច្រើនកាលពីរដូវកាលមុនក្នុងការប្រជែងគ្នាយកតំណែងជាអ្នកចាំទីក្នុងជម្រើស១១នាក់ដំបូងជាមួយ Dean Henderson ។ អ្នកចាំទី អេស្ប៉ាញ រូបនេះបានធ្វើឱ្យបាត់បង់ឱកាសជាម្ចាស់ជើងឯក Europa League កាលពីរដូវកាលមុនដែលនាពេលនោះ Henderson គួរតែត្រូវបានជ្រើសរើសជាអ្នកចាំទីក្នុងវគ្គផ្តាច់ព្រ័ត្រ តែចៃដន្យអាក្រក់អ្នកចាំទីវ័យក្មេងជម្រើសជាតិ អង់គ្លេស រូបនោះបានរងរបួសកដៃក្នុងអំឡុងពេលហ្វឹកហាត់។
អ្នកចាំទីទាំងពីររូបរបស់បិសាចក្រហម De Gea និង Henderson សុទ្ធតែមិនបានជាប់ជម្រើស១១នាក់ឱ្យក្រុមជម្រើសជាតិរបស់ខ្លួនក្នុងកម្មវិធីប្រកួតពានរង្វាន់ EURO នាពេលកន្លងមកដូចគ្នា ប៉ុន្តែសមត្ថភាពរបស់ Henderson ត្រូវបានគេជឿទុកចិត្តជាង De Gea នៅ Premier League រដូវកាលថ្មីនេះ។
David de Gea បានលុបចោលគម្រោងធ្វើវិស្សមកាលជាមួយក្រុមគ្រួសាររបស់ខ្លួនទៅកាន់រមនីយដ្ឋានលំដាប់អភិជនមួយកន្លែងរួចប្រញាប់មកធ្វើការហ្វឹកហាត់នៅលើទីលានហាត់សមរបស់ក្រុមជាបន្ទាន់ដើម្បីប្រជែងកុំឱ្យបាត់បង់ឱកាសជាអ្នកចាំទីជម្រើសដំបូងរបស់ក្លិប។