Martial ក្លាយជាកីឡាករទី១០របស់ Man UTD ដែលរកបាន៥០គ្រាប់
គ្រាប់បាលរបស់ Anthony Martial ក្នុងសំណាញ់ Southampton សម្រាប់ Manchester United នៅនាទី២៣ បានបង្កើតកំណត់ត្រាមួយ គឺគេក្លាយជាកីឡាករទី១០ក្នុងប្រវត្តិបិសាចក្រហមដែលរកបានចាប់ពី៥០គ្រាប់ឡើង។
ខ្សែប្រយុទ្ធបារាំងខាងលើបានផ្ទេរពី AS Monaco ទៅ Old Trafford ឆ្នាំ២០១៥ ក្នុងតម្លៃ៣៦លានផោន ហើយរដូវកាលនេះផ្ទាល់ គេរកបាន២១គ្រាប់ហើយពីគ្រប់កម្មវិធី។
គួរដឹងដែរថា Manchester United បានត្រឹមស្មើ Southampton ២ទល់នឹង២ ជំនួប Premier League សប្ដាហ៍ទី៣៥ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ធ្វើឲ្យខកខានឡើងទៅកាន់ Top 4 ដោយបន្តនៅលេខ៥ដដែលមាន៥៩ពិន្ទុស្មើក្រុមលេខ៤ Leicester City តែចាញ់សំណល់គ្រាប់បាល់។
នៅនាទី១២ Stuart Armstrong ទាត់ឲ្យក្រុមភ្ញៀវ Southampton នាំមុខមួយគ្រាប់ មុន Marcus Rashford ទះមួយជើងឆ្វេងតាមស្មើ ក្រោយទទួលបានពី Martial។ ៣នាទីក្រោយមក Martial ទាត់ផុតដៃអ្នកចាំទីឲ្យបិសាចក្រហមនាំមុខវិញ។
ផ្ទុយទៅវិញដល់នាទី៩០បូក៦ទៅហើយ Michael Obefami បន្ថែមក្បែរសំណាញ់ចូលទីតាមស្មើឲ្យ Southampton៕