អតីតកីឡាករ Man UTD ម្នាក់ថា Anderon លេងមិនដល់កំពូល ព្រោះហូបបឺរហ្គ័រច្រើនពេក
ក្នុងសៀវភៅជីវប្រវត្តិរបស់ខ្លួន Rafael da Silva បានបង្ហើបពីហេតុផល Anderson ដែលជាអតីតមិត្តរួមក្រុមនៅ Manchester United មិនអាចឈានដល់ចំណុចកំពូលបាន។
“ពេលទៅដើរលេងអីចឹង ឲ្យតែឃើញហាងបឺរហ្គ័រ Anderson ដឹងតែលោតកញ្ឆែងពេលហើយ។ គាត់ចូលចិត្តវាមែនទែន។ និយាយទៅ បញ្ហារបួស និងការហូបមិនសូវតម វាពិតជាប៉ះពាល់ដល់អាជីពរបស់គាត់។ បើគាត់ហូបអាហារត្រឹមត្រូវ គាត់ប្រាកដជាក្លាយជាកំពូលកីឡាករលំដាប់ពិភពលោកមិនខាន។ នេះជាការលម្អិតពី Rafael da Silva ដែលជាអតីតកីឡាករបិសាចក្រហមម្នាក់ដែរ។
Anderson ចូលរួមជាមួយ Manchester United ក្នុងឆ្នាំ២០០៧ និងលេងបាន១៨១ប្រកួត រកបាន៩គ្រាប់ រួមចំណែកឈ្នះ Premier League ៤ដង, Champions League ១ដង និងពានរង្វាន់មួយចំនួនទៀត។
ម្ចាស់ពាន Golden Boy 2008 ទទួលបានការរំពឹងទុកយ៉ាងច្រើន តែមិនអាចឈានដល់ចំណុចកំពូលឡើយ ទោះបានហ្វឹកហាត់ជាមួយ Sir Alex Ferguson។ ក្នុងរដូវកាល២០១៣/២០១៤ គេត្រូវបាន Fiorentina ខ្ចី មុនត្រូវអតីតគ្រូ Man UTD លោក Louis van Gaal លក់ចេញទៅ Internacional ក្នុងរដូវកាលបន្ទាប់។
កាលខែកញ្ញា ឆ្នាំ២០១៩ គេបានសម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ៣១ឆ្នាំ។ មុនព្យួរស្បែកជើង គេបានលេងនៅលីគទី២ទួរគីដែរ តែមិនសូវជាបញ្ហាភាពលេចធ្លោខ្លាំងទេ៕