លេង៤ប្រកួតចុងក្រោយ ចាន់ វឌ្ឍនាកា ស៊ុត៧គ្រាប់ឡើង Top Scorer នៅលីគកំពូលកម្ពុជា
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានវិលមកភាពខ្លាំងឡើងវិញ បន្ទាប់ពីបង្ហាញខ្លួន៤ប្រកួតចុងក្រោយរកបាន៧គ្រាប់ ជាប់ក្នុងតារាងជាអ្នកស៊ុតបញ្ចូលបានច្រើនជាងគេនៅលីគកំពូលបាល់ទាត់កម្ពុជា ។
ការចាប់ផ្តើមរដូវកាលថ្មីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនសូវមានឱកាសជាប់ជម្រើសដំបូងនោះទេ ប៉ុន្តែចាប់តាំងពី បឹងកេត លេងជាមួយ ព្រៃវែង ដែលកីឡាករដើមកំណើតខេត្ត កំពត នេះស៊ុតចូល៣គ្រាប់ម្នាក់ឯងមក ក៏រូបគេតែងតែជាប់១១នាក់ដំបូងរហូត។ ក្នុងនោះ បឹងកេត ក៏មិនទាន់ចាញ់ដែរ ដោយឈ្នះ អាស៊ី អឺរ៉ុប រូបគេរកបាន២គ្រាប់ និងចុងក្រោយឈ្នះ Tiffy Army បន្តស៊ុត២គ្រាប់ទៀត ដោយខកខានរកគ្រាប់បាល់តែលេងជាមួយ គិរីវង់ តែប៉ុណ្ណោះ ។
គិតត្រឹមសប្តាហ៍ទី៩ នេះ ចាន់ វឌ្ឍនាកា រកបាន៧គ្រាប់ ជាកីឡាករខ្មែរតែម្នាក់ដែលស្ថិតក្នុងតារាង Top Scorer តាមពីក្រោយកីឡាករបរទេសរបស់ ណាហ្គាវើល , វិសាខា , ព្រះខ័នរាជស្វាយរៀង ជាដើម ៕