ប្អូន Mbappe តកុងត្រានៅ PSG ដល់ឆ្នាំ២០២៤
Ethan Mbappe ប្អូនប្រុសបង្កើតរបស់តារាឆ្នើម Kylian Mbappe បានសម្រេចចិត្តបន្តកិច្ចសន្យានៅ Paris Saint Germain ដល់រដូវក្ដៅឆ្នាំ២០២៤។
បើតាមសារព័ត៌មាន ESPN ប្អូនប្រុសខ្សែប្រយុទ្ធជម្រើសជាតិបារាំងទទួលបានកិច្ចសន្យាថ្មី៣ឆ្នាំទៀត ហើយក្លិប PSG ក៏បានបង្ហាញពីព័ត៌មាននេះលើណ្ដាញសង្គមរបស់ខ្លួនដែរ។
យុវជនវ័យ១៥ឆ្នាំដែលកំពុងហ្វឹកហាត់នៅក្រុមថ្នាល PSG សរសេរថា “៖ខ្ញុំពិតជាមានមោទកភាពដែលបានតកុងត្រានៅ PSG។”
មុនបន្តសុពលភាពបែបនេះ Ethan បង្ហាញសមត្ថភាពគួរជាទីចាប់អារម្មណ៍ក្នុងពានរង្វាន់យុវជន International Champions Cup Futures។
Ethan ក៏លេងតំណែងដូចបងប្រុសគេ Kylian ដែរ។ ទន្ទឹមនឹងនេះសូម្បីតែរ៉ូលការពារក៏លេងបាន ស្លាបក៏លេងបាន។ គេជឿថា PSG ផ្ដល់កុងត្រាដល់ប្អូនប្រុសនេះ ក៏ជាតំរុយនៃការចង់ចង Kylian នៅ Parc de Prince បន្តទៀត។ បើតាម AS គឺ Kylian បានបដិសេធសំណើកុងត្រាថ្មី ៣ដងទៅហើយ ដោយ PSG ចង់ឲ្យថ្លៃនឿយហត់ដល់ទៅ៣០លានអឺរ៉ូក្នុងមួយរដូវកាល។ ផ្ទុយទៅវិញ អតីតកីឡាករ AS Monaco ចង់បានដល់ទៅ៣៥លានអឺរ៉ូក្នុងមួយរដូវកាល៕