អតីតកីឡាករ Aston Villa ម្នាក់ថា Henderson មិនស្មោះត្រង់ ឈឺហើយ ចង់លេងជម្រើសជាតិទៀត
អតីតខ្សែប្រយុទ្ធ Gabriel Agbonlahor បានរិះគន់ខ្សែបម្រើ Jordan Henderson រឿងមិនព្រមដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសដែលនឹងត្រូវប្រកួត EURO 2020 ពេលសុខភាពរបស់គេមិនអំណោយផល។
Gabriel Agbonlahor ចែករំលែកលើ TalkSports ថា “Jordan Henderson ធ្វើឲ្យខ្ញុំធុញទ្រាន់មែន។ គេគួរតែស្មោះត្រង់ជាមួយគ្រូ ខណៈគេមិនមានស្ថានភាពពេញលេញ។ ខ្ញុំគិតថា គេពិតជាអាតា្មនិយមណាស់។”
Henderson មានបញ្ហាក្រលៀនពេលប៉ះ Everton តាំងពីខែកុម្ភៈ។ ប្រធានក្រុម Liverpool រូបនេះមិនសូវបានលេងទេតាំងពីពេលនោះមក។ យ៉ាងណា អ្នកចាត់ការជម្រើសជាតិអង់គ្លេស លោក Gareth Southgate នៅតែបញ្ចូល Henderson ទៅ EURO។
Agbonlahor គិតថា អង់គ្លេសនឹងជួបគូប្រជែងដ៏ខ្លាំងក្លានៅ EURO 2020 ជាពិសេសក្រូអាតក្នុងវគ្គចែកពូល។
ក្នុងជ័យជម្នះ១ទល់នឹង០លើអូទ្រីស កាលថ្ងៃទី០៣ ខែមិថុនា Henderson ស្ថិតលើកៅអីបម្រុង តែគេនៅតែអាចចូលរួមការប្រកួតតទល់ក្រូអាតនៅថ្ងៃបើកឆាក ទី១៣ ខែមិថុនា៕