James ចូលក្លិបផឹកស៊ីយ៉ាងរំភើយ ក្រោយគ្មានឈ្មោះក្នុងក្រុមជម្រើសជាតិកូឡុំប៊ី
James Rodriguez មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិកូឡុំប៊ី ចូលរួមវគ្គជម្រុះ FIFA World Cup 2022 ឡើយ។
យ៉ាងណា ខ្សែបម្រើ Everton ខាងលើហាក់មិនបារម្ភអ្វី ហើយគេថែមទាំងបានទៅរាំលេងក្នុងក្លិបយ៉ាងរីករាយនាក្រុងម៉ៃអាមី ខណៈក្រុមជម្រើសជាតិកូឡុំប៊ីត្រូវប្រកួតជាមួយប៉េរូ។
សារព័ត៌មានបានចុះផ្សាយរឿងនេះបន្ទាប់ពីលេចធ្លាយវីដេអូមួយនាពេលថ្មីៗដែល James ចូលក្លិបកម្សាន្ដចំពេលកូឡុំប៊ីកំពុងប្រកួតតែម្ដង។
អ្នកគាំទ្រជាច្រើនមិនពេញចិត្តឡើយចំពោះទង្វើរបស់ James ខណៈអ្នកខ្លះក៏មិនសប្បាយចិត្តដែលគេមិនត្រូវបានជ្រើសរើស។ James ត្រូវបានប្រៀបធៀបទៅនឹង Radamel Falcao ដែលមិនបានជ្រើសរើសដូចគ្នា ប៉ុន្តែខ្សែប្រយុទ្ធរូបគេនៅតែប្រឹងប្រែងខ្លាំងនៅក្លិប Galatasaray ដើម្បីបង្ហាញពីស្ថានភាពកាយសម្បទារបស់គេ។
លោក Reinaldo Rueda គ្រូបង្គោលជម្រើសជាតិកូឡុំប៊ី បានសម្រេចចិត្តដកឈ្មោះ James ព្រោះបញ្ហាកាយសម្បទា។ លោកថា បានពិភាក្សាជាមួយ James ដែរ ហើយលោកក៏ឲ្យគេសម្រាកតែម្ដងដើម្បីស្ដារកម្លាំងឡើងវិញ។ គេនឹងត្រលប់មកវិញនាពេលខាងមុខ។
ទោះមិនមាន James ក៏កូឡុំប៊ីនៅតែអាចឈ្នះប៉េរូ ដោយលទ្ធផល៣ទល់នឹង០ ដែលរកគ្រាប់បាល់ដោយ Yerry Mina, Mateus Uribe និង Luis Diaz៕