ខ្សែបម្រើអាស៊ីអឺរ៉ុប ព្រីង ចិត្រា ក្លាយជាកីឡាករបាល់ទាត់ដោយសារ World Cup 2010
ដោយសារតែបានទស្សនាព្រឹត្តិការណ៍ FIFA World Cup 2010 ធ្វើឲ្យ ព្រីង ចិត្រា កាន់តែចូលចិត្តបាល់ទាត់ និងប្រឹងប្រែងរហូតក្លាយជាកីឡាករឆ្នើមមួយរូបប្រចាំភូមិ និងក្នុងខេត្តកណ្ដាល។
ព្រីង ចិត្រា រំឭកពីការវិវឌ្ឍទៅជាកីឡាករកម្រិតអាជីពបែបនេះ “៖បាទបងដំបូងឡើយ ខ្ញុំគ្រាន់តែជាក្មេងលេងបាល់តាមភូមិ ហើយលេងពេលទំនេរពីរៀន កាលហ្នឹងដូចជា World Cup 2010។ ពេលហ្នុង ខ្ញុំបានមើល វីដីអូគេលេងបាល់ ហើយក៏ជំរុញទឹកចិត្តខ្ញុំកាន់តែស្រលាញ់បាល់ទាត់ខ្លាំងឡើង និងចង់ចេះលេងរហូតបានចូលហាត់បាល់ជាមួយគ្រូកីឡានៅវិទ្យាល័យហ៊ុនសែនស្អាត។ ហាត់កាលហ្នុងក្នុងម្នាក់បង់ថ្លៃ៥០០រៀលក្នុងមួយពេល តែហាត់បានប៉ុន្មានក៏រំសាយ។ ដល់ឆ្នាំ២០១៤ ខ្ញុំបានចូលរូមលេងក្រុមសិស្សវិទ្យាល័យស្អាង លេងពានសិស្សខេត្តកណ្ដាលបានលេខ២ ពីរឆ្នាំជាប់គ្នា។ បន្ទាប់មកក៏គ្រូៗនៅខេត្តកណ្ដាល ហៅចូលរួមលេងក្របខណ្ឌ ក១ ឲ្យខេត្តកណ្ដាលដល់ឆ្នាំ២០១៦ ចូលរួមក្រុមវិទ្យាល័យស្អាងបានលេខ១ពានសិស្សខេត្តកណ្ដាល។ គ្រូនៅខេត្តកណ្ដាលក៏បានហៅលេងពានសម្ដេចតេជោ ហ៊ុនសែន បន្តទៀត។ បន្ទាប់ចប់ប្រកួតពានសម្ដេច ហ៊ុន សែន ខ្ញុំក៏បានចូលរួមជាមួយក្រុម TN KANDAL ដល់ដើម២០១៧ ខ្ញុំបានធ្វើតេស្ដជាប់ចូលលេងនៅអាស៊ីអឺរ៉ុបយូណាយធីតដល់បច្ចុប្បន្ន។”
ពេលបានក្លាយជាកីឡាករកម្រិតអាជីពមួយរូប ចិត្រា រំឭកថា ជួបការលំបាកច្រើនក្នុងការសម្របខ្លួន ព្រោះធ្លាប់តែជាកីឡាករស្ម័គ្រចិត្ត។
ព្រីង ចិត្រា រកបាន២គ្រាប់ពីការប្រកួត៤លើកសម្រាប់អាស៊ីអឺរ៉ុបយូណាយធីតក្នុងរដូវកាល២០២១ពេលបើកឆាកប៉ះគិរីវង់សុខសែនជ័យ៕