ខ្លះៗពី Watkins ដែលរកបានមួយគ្រាប់ពេលលេងលើកដំបូងឲ្យអង់គ្លេស
ទើបទទួលបានឱកាសចូលក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គជម្រុះ FIFA World Cup 2022 ខ្សែប្រយុទ្ធ Olie Watkins អាចទាត់បញ្ចូលទីបានមួយគ្រាប់ក្នុងជ័យជម្នះ៥ទល់នឹ០លើ សាំងម៉ារ៉ាំង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា។
កីឡាករវ័យ២៥ឆ្នាំបានបង្ហាញសមត្ថភាពល្អគ្រាន់បើនៅ Premier League រដូវកាលនេះ ក្រោយរកបាន១០គ្រាប់សម្រាប់ Aston Villa។
ខ្សែប្រយុទ្ធមានកំណើតនៅក្រុង Torquay ប្រទេសអង់គ្លេសបានដុះដាលចេញពីថ្នាលយុវជនក្លិប Exeter City នៅ League Two ដែលជាក្របខណ្ឌលំដាប់ទី៤។ គេក៏ធ្លាប់ចំណាយពេលនៅ Weston-super-Mare ដែលជាក្លិបលេងនៅលីគទី៧-៨អង់គ្លេស។
ពីចន្លោះឆ្នាំ២០១៧ដល់២០២០ Watkins លេងនៅ Brentford បាន១៣២ប្រកួត រកបាន៤៥នៅក្របខណ្ឌ Championship។
ក្នុងការប្រកួតយប់មិញ គេស៊ុតបញ្ចូលទីនាទី៨៣ ក្រោយប្ដូរចូលជំនួស Dominic Calvert Lewin ដែលរកបាន២គ្រាប់ម្នាក់ឯង។ ចំណែកពីរគ្រាប់ទៀតចេញពី James Ward Prowse និង Raheem Sterling។
គួរដឹងដែរថា អង់គ្លេសស្ថិតក្នុងពូល I មានអាល់បានី, ប៉ូឡូញ, ហុងគ្រី, អង់ដូរ៉ា និង សាំងម៉ារ៉ាំង៕