ធ្លាយរឿង Mbappe ឲ្យបងប្អូនខ្លួនដើររកទិញផ្ទះនៅម៉ាឌ្រីដ
មើលទៅប្រហែល Kylian Mbappe ចង់ទៅលេងឲ្យ Real Madrid មែនទែនហើយនាដំណាច់រដូវកាលនេះ ព្រោះអីគេកំពុងរកទិញផ្ទះនៅក្រុងម៉ាឌ្រីដបណ្ដើរៗហើយ។
សារព័ត៌មាន Goal ផ្សាយថា ខ្សែប្រយុទ្ធ Paris Saint Germain ខាងលើបានបញ្ជូនបងប្អូនខ្លួនទៅរកមើលទិញផ្ទះនៅរាជធានីនៃប្រទេសអេស្ប៉ាញ។
អ្វីដែលគួរឲ្យកាន់តែអាចកើតឡើងនោះ គឺ Mbappe មិនទាន់តកុងត្រានៅ PSG នៅឡើយទេ។ កិច្ចសន្យារបស់គេនៅសុពលភាពត្រឹម២០២២ប៉ុណ្ណោះ។ PSG ចង់បន្តកុងត្រាដល់គេ ដោយដំឡើងថ្លៃនឿយហត់ថែមទៀត។ សូម្បីតែអ្នកចាត់ការ Mauricio Pochettino ក៏និយាយថា នឹងធ្វើគ្រប់យ៉ាងដើម្បីចងជើង Mbappe ឲ្យនៅបន្តទៀត។ ទន្ទឹមនឹងនេះ Real Madrid ក៏ពិចារណាចង់បានដែរ។
Mbappe រកបាន៣៥គ្រាប់ហើយពីគ្រប់កម្មវិធីសម្រាប់ PSG រដូវកាល២០២០/២០២១នេះ។ គេតាមពីក្រោយតែ Robert Lewandowski (៤៥គ្រាប់) ក្នុងចំណោមកីឡាករនៅលីគកំពូលអឺរ៉ុបទាំង៥។
នៅ UEFA Champions League អតីតកីឡាករ AS Monaco បានរួមចំណែកសំខាន់ក្នុងការយកឈ្នះលើ Barcelona និង Bayern Munich ខណៈ PSG ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបជាមួយ Manchester City៕