បុរសវ័យ២៩ឆ្នាំម្នាក់ត្រូវបាន Spurs តែងតាំងជាគ្រូស្ដីទី
លោក Ryan Mason ដែលគ្រូបង្គោលក្រុមថ្នាល Tottenham Hotspur ត្រូវបានតែងតាំងជាគ្រូធំបណ្ដោះអាសន្នដល់ដាច់រដូវកាល ជំនួសលោក Jose Mourinho ដែលត្រូវបានដកតំណែងកាលថ្ងៃចន្ទ ទី១៩ ខែមេសា។
លោក Mason ទើបតែមានវ័យ២៩ឆ្នាំប៉ុណ្ណោះ។ អតីតកីឡាករ Spurs រូបនេះបានធ្វើគ្រូក្រុមមានមូលដ្ឋាននៅក្រុងឡុងដ៍តាំងពីឆ្នាំ២០១៨ និងទទួលបន្ទុកជាគ្រូ U19 នៅខែកក្កដា ឆ្នាំ២០១៩។ មួយឆ្នាំក្រោយមក គេក៏កាន់តួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍យុវជន កម្រិត U17 និង U23។
Mason ចូលហាត់បាល់នៅ Tottenham ពីឆ្នាំ១៩៩៩ ដល់២០០៨ ពេលគេត្រូវបានដំឡើងចូលក្រុមធំ ហើយបន្តលេងនៅទីនោះដល់ឆ្នាំ២០១៦ មុនផ្លាស់ទៅ Hull City។
អតីតកីឡាករធ្លាប់ជាប់ជម្រើសជាតិអង់គ្លេសបានមួយលើកកាលឆ្នាំ២០១៥ បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ដោយសារបញ្ហារបួសក្បាល កាលឆ្នាំ២០១៨។ ដូច្នេះហើយបានជាគេធ្លាប់តស៊ូមតិថា ក្មេងៗលេងបាល់ មិនគួរឲ្យតែតក្បាលទេ ព្រោះអាចមានបញ្ហាប៉ះពាល់ដល់ខួរក្បាល៕