៨ចំណុចគួរដឹងក្រោយ Man City ទម្លាក់ Dortmund ឡើងវគ្គ៤ក្រុម UCL
Manchester City បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២០/២០២១ ក្រោយទម្លាក់ក្រុមអាល្លឺម៉ង់ Borussia Dortmund ដោយលទ្ធផលសរុប៤ទល់នឹង២។ កាលជើងទីមួយ ក្រុមមេឃខៀវឈ្នះ ២ទល់នឹង១ ហើយបន្តឈ្នះដោយលទ្ធផលដដែលក្នុងជើងទី២។
ក្រោយចប់ការប្រកួត មានរឿងរ៉ាវចាប់អារម្មណ៍មួយចំនួនដូចខាងក្រោម ៖
១. រដូវកាលមុន មានក្រុមអាល្លឺម៉ង់២ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ Bayern Munich និង RB leipzig តែឆ្នាំនេះមិនមានឡើយ។ ខុសពីអាល្លឺម៉ង់ គឺអង់គ្លេសឯណោះវិញ មាន២ក្រុមឡើងវគ្គសំខាន់នេះ គឺ Chelsea និង Manchester City។ ក៏ជាលើកទី២ក្នុងរយៈពេល៣ឆ្នាំដែលមានក្រុមអង់គ្លេស២ឡើងដល់វគ្គ៤ក្រុមចុងក្រោយ (រដូវកាល២០១៨/២០១៩ មាន Liverpool និង Spurs)។
២. ក្រុមអង់គ្លេសទម្លាក់ក្រុមមកពីអាល្លឺម៉ង់១២ដងក្នុងវគ្គចាញ់ធ្លាក់នៅ UCL (បូករួមទាំងវគ្គផ្ដាច់ព្រ័ត្រ)។ ចំនួននេះដូចគ្នាទៅនឹងក្រុមអាល្លឺម៉ង់ដែលបានទម្លាក់ក្រុមអង់គ្លេស។
៣. Dortmund ទាត់ចូលរហូតក្នុងចំណោម៤០ប្រកួតចុងក្រោយពីគ្រប់កម្មវិធី (៨២គ្រាប់) ដោយពីមុនមកមានតែ Bayern Munich ធ្វើបាន (៦៥គ្រាប់) ក្នុងចំណោមក្រុមនៅលីគកំពូលអឺរ៉ុបទាំង៥។
៤. គ្រាប់បាល់របស់ Riyad Mahrez គឺជាគ្រាប់បាល់នៅ UCL ដំបូងសម្រាប់គេចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩។ គេខានទាត់ចូលនៅ UCL ១៤ប្រកួតជាប់គ្នាហើយ។
៥. ក្នុងអាយុ១៧ឆ្នាំ និង២៨៩ថ្ងៃ Jude Bellingham ក្លាយកីឡាករវ័យក្មេងបំផុតទី២ដែលលេងបានចាប់ពី១០ប្រកួតឡើងនៅ UCL មុនឈានដល់អាយុ១៨ឆ្នាំ បន្ទាប់ពី Youri Tielemans កាលឆ្នាំ២០១៤។ កីឡាករអង់គ្លេសក្មេងជាងគេដែលធ្វើបានបែបនេះលើកមុន គឺ Theo Walcott (អាយុ១៨ឆ្នាំ និង៣៤១ថ្ងៃ កាលឆ្នាំ២០០៨)។
៦. Bellingham ក្លាយជាកីឡាករវ័យ១៧ឆ្នាំទី៣ បន្ទាប់ពី Bojan Krkic និង Jamal Musiala ដែលទាត់ចូលនៅ UCL វគ្គចាញ់ធ្លាក់។ គេក៏ជាកីឡាករអង់គ្លេសទី២ដែលធ្វើបានបែបនេះសម្រាប់ក្លិបមិនមែនអង់គ្លេស បន្ទាប់ពី Steve McManaman ធ្វើបានកាលនៅ Real Madrid (វគ្គផ្ដាច់ព្រ័ត្រ ១៩៩៩/២០០០ និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២០០១/២០០២)។
៧. Phil Foden ជាកីឡាករវ័យក្មេងជាង២១ឆ្នាំ ទី២ ដែលទាត់ចូលទាំង២ជើងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ឬលើសពីនេះ ក្រោយ Kylian Mbappe ធ្វើបានរដូវកាល២០១៦/២០១៧ ពេលលេងឲ្យ Monaco ប៉ះ Dortmund ក្នុងវ័យ១៨ឆ្នាំ។
៨. Pep Guardiola បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៨លើកជាចំនួនច្រើនបំផុតស្មើលោក Jose Mourinho៕