
ក្រុមហ៊ុន Adidas ថាឱកាសលក់ឈុតកីឡារបស់ខ្លួន នៅរុស្ស៊ី អាចពិបាកជាងនៅប្រេស៊ីល
ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ Adidas បានប្រកាសក្នុងសប្តាហ៍នេះថា ខ្លួនវ៉ារផ្តាច់លើគូប្រជែង គឺក្រុមហ៊ុន Nike ក្នុងការឧបត្ថម្ភសម្លៀកបំពាក់ ដល់ក្រុមបាល់ទាត់ជម្រើសជាតិ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ី ដែលនឹងចូលមកដល់ នាប៉ុន្មានសប្តាហ៍ទៀត។ តាមការចុះផ្សាយរបស់គេហទំព័រ Independent ក្រុមហ៊ុន Adidas ត្រូវធ្វើជាម្ចាស់ sponsor ដល់ក្រុមបាល់ទាត់ជម្រើសជាតិចំនួន ១២ ខណៈក្រុមហ៊ុន Nike ឧបត្ថម្ភចំនួន ១០ និង Puma ឧបត្ថម្ភចំនួន ៤ក្រុម។ ក្រៅតែពីឧបត្ថម្ភសម្លៀកបំពាក់ Adidas ក៏ជាម្ចាស់ឧបត្ថម្ភផ្លូវការមួយ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៨ទាំងមូលតែម្តង។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន Adidas លោក Kasper Rorsted បានបង្ហាញកង្វល់ពីការជះឥទ្ធិពលអាក្រក់ លើការរឹតត្បឹតហិរញ្ញវត្ថុរបស់ខ្លួន ដោយសារការប្រកួតបាល់ទាត់ពិភពលោកលើកនេះ ធ្វើឡើងនៅប្រទេសរុស្ស៊ី។ រុស្ស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចយ៉ាងស្មុគស្មាញសម្រាប់វិនិយោគិនពីអឺរុប។ ប៉ុន្តែលោក Rorsted មានសុទិដ្ឋិនិយមថា យ៉ាងហោចណាស់ ក៏លោកអាចបង្ហាញពីម៉ាកផលិតផលរបស់ខ្លួន ឲ្យសកលលោកទាំងមូលបានឃើញផងដែរ។
គួរជម្រាបជូនថា កាលពីការប្រកួត World Cup ឆ្នាំ ២០១៤ ដែលប្រេស៊ីល ធ្វើជាម្ចាស់ផ្ទះ Adidas អាចរកបានចំណូលពីការលក់សម្ភារៈកីឡារបស់ខ្លួន បានយ៉ាងខ្ពស់ និងឆាប់រហ័សជាងឆ្នាំណាៗទាំងអស់។ កាលណោះ Adidas អាចលក់បាល់ទាត់រហូតដល់ទៅ ១៤លានគ្រាប់ ខណៈសម្លៀកបំពាក់ក្រុមជម្រើសជាតិនៃប្រទេសនីមួយៗ លក់បានដល់ទៅ ៨លានឈុត (គិតតែក្នុងប្រទេសប្រេស៊ីលប៉ុណ្ណោះ)។
ការឧបត្ថម្ភលើការប្រកួតបាល់ទាត់ពិភពលោក គឺជាគោលការណ៍ដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់នេះ។ គេបានផ្គត់ផ្គង់ដល់ការប្រកួតបាល់ទាត់ពិភពលោក តាំងពីឆ្នាំ ១៩៧០មក រហូតមកដល់សព្វថ្ងៃ ហើយក៏បានចុះកិច្ចព្រមព្រៀងធ្វើជាអ្នកឧបត្ថម្ភ ដល់ឆ្នាំ ២០៣០ផងដែរ៕