ហ្វេនដែលដួលសន្លប់ក្នុងជំនួប Newcastle និង Spurs មានសុខភាពប្រសើរវិញហើយ
អ្នកគាំទ្រដែលបានដួលសន្លប់អំឡុងទស្សនាការប្រកួត Premier League រវាង Newcastle United និង Tottenham Hotspur នៅកីឡដ្ឋាន St. James’s Park នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា មានស្ថានភាពសុខភាពល្អប្រសើរវិញហើយ ក្រោយត្រូវបានសង្គ្រោះបន្ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍ដួលសន្លប់កើតឡើងក្នុងនាទី៤០ ពេល Spurs នាំមុខ ១ទល់នឹង២ ធ្វើឲ្យមានការផ្អាកការប្រកួតបន្តិច។ កីឡាករ Sergio Reguilon បាននិយាយទៅកាន់អាជ្ញាកណ្ដាល ហើយ Eric Dier បានទទូចក្រុមការងារពេទ្យសង្គ្រោះដោយមានម៉ាស៊ីនជួយដល់បេះដូង។
ក្រោយការផ្អាក២០នាទី ការប្រកួតត្រូវបានបន្ត និងថែម៧នាទី ហើយ Heung min-son ក៏រកបានបន្ថែមមួយគ្រាប់ទៀត។ ជាលទ្ធផល Spurs ឈ្នះ Newcastle ២ទល់នឹង៣ ឡើងទៅកាន់លេខ៥ និងរុញ Manchester United ដែលតិចជាងមួយពិន្ទុ ទៅលេខ៦។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន Newcastle United បញ្ជាក់ថា “៖ក្លិបសូមអរគុណដល់អ្នកគាំទ្រចំពោះការរួមចំណែកជួយសង្គ្រោះតាមរយៈការផ្ដល់ជាសញ្ញា ឈានទៅការសង្គ្រោះបន្ទាន់។ ក្លិបសង្ឃឹមថា អ្នកគាំទ្រដែលមានបញ្ហាសុខភាពនេះនឹងធូរស្បើយពេញលេញវិញឆាប់។”
ចំណែកខ្សែការពារ Sergio Reguilon បាននិយាយថា “៖ខ្ញុំឃើញអ្នកគាំទ្របោយដៃ និងឃើញបុរសម្នាក់ដួល។ ខ្ញុំបានឃើញរឿងមិនស្រួលកើតឡើង។ ខ្ញុំបានសម្លឹងទៅមន្ត្រីដឹកនាំការប្រកួត ហើយគាត់បានផ្អាកសកម្មភាព។ ខ្ញុំគិតថា អ្វីគ្រប់យ៉ាងនាពេលនេះ គឺអូខេ និងល្អ១០០ភាគរយហើយ។”