ក្លិបវៀតណាមមួយធ្លាប់ឈ្នះព្រះខ័នរាជ ខានបើកលុយឲ្យកីឡាករច្រើនខែ
កីឡាករនៃក្លិបបាល់ទាត់ Than Quang Ninh បានបដិសេធចូលរួមការប្រកួតក្របខណ្ឌកំពូលវៀតណាម ដោយសារមិនទាន់ទទួលបានប្រាក់ខែ។
កាលពីថ្ងៃសុក្រ កីឡាករបានបង្ហោះនៅលើគណនីបណ្តាញសង្គមរបស់ពួកគេ ដោយស្នើទៅគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh, ម្ចាស់ឧបត្ថម្ភ, និងប្រធានក្លិបលោក Pham Than Hung ដើម្បីបើកប្រាក់ខែចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែមេសាឆ្នាំ ២០២១ រួមទាំងប្រាក់លើកទឹកចុងឆ្នាំ ២០១៩។
កីឡាករបាននិយាយថា ទឹកប្រាក់នេះមានចំនួនប្រហែល៩០ពាន់លានដុង (៣,៩ លានដុល្លារ) ។
ខ្សែបម្រើ Nghiem Xuan Tu បាននិយាយថា “៖យើងទទួលបានការសន្យាជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមិនមានអ្វីទាំងអស់។”
ថ្នាក់ដឹកនាំខេត្តនៅថ្ងៃសុក្រសប្ដាហ៍នេះ បានសម្រេចចិត្តចំណាយប្រាក់ចំនួន ៥០០ លានដុង ប៉ុន្តែកីឡាករបាននិយាយថាប្រាក់នេះ “តិចតួចពេក” ហើយពួកគេនឹងមិនទទួលយកវាទេ។
កីឡាករបាននិយាយថា ប្រសិនបើស្ថានភាពមិនផ្លាស់ប្តូរទេ ពួកគេនឹងចាត់វិធានការស្របច្បាប់របស់ FIFA ដើម្បីបញ្ចប់កិច្ចសន្យា បន្ទាប់ពីជើងទីមួយនៃរដូវកាលនេះ។
កីឡាករម្នាក់បាននិយាយថា “៖កីឡាករទាំងអស់នឹងមិនលេងប្រកួតបន្ទាប់ទេ ប្រសិនបើមិនទទួលបានប្រាក់សំណងរបស់យើង។ វាយូរហើយ។ មន្រ្តីក្លិបនៅតែសន្យា តែគ្មានឃើញអីទេ។”
ខេត្ត Quang Ninh បាននិងកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុមុនរដូវកាល ២០២១ ចាប់ផ្តើមដោយម្ចាស់ឧបត្ថម្ភបានដកខ្លួនចេញ។ គ្រូបង្វឹកក្រុម និងកីឡាករសំខាន់ៗជាច្រើនបានផ្លាស់ទៅក្រុមផ្សេងទៀតរួចហើយ។ មានតែពីរបីនាក់ប៉ុណ្ណោះដែលបានស្នាក់នៅបន្ត ហើយក្លិបត្រូវប្រើកីឡាករវ័យក្មេងជាច្រើនពីថ្នាលរបស់ពួកគេ។ ទោះបីយ៉ាងនេះក្តី ក្រុមនៅតែអាចធ្វើបានល្អ។
៨ប្រកួតនៅលីគកំពូលវៀតណាម Than Quang Ninh មាន១៨ពិន្ទុពីក្រោមក្រុមលេខ១ Hoang Anh Gia Lai តែមួយពិន្ទុប៉ុណ្ណោះ។
កាលពីខែមីនាកីឡាករ Quang Ninh បានធ្វើកូដកម្មហើយមិនបានហ្វឹកហាត់។ មន្ត្រីមន្ទីរវប្បធម៌និងកីឡាត្រូវជជែកជាមួយពួកគេហើយសន្យាថាពួកគេនឹងអាចទទួលបានប្រាក់ឈ្នួល។ កីឡាករបានទៅហ្វឹកហាត់វិញហើយឈ្នះបាន២ប្រកួត។ ទោះជាយ៉ាងណាពួកគេមិនបានទទួលការទូទាត់ណាមួយចាប់តាំងពីពេលនោះមក។
គួររំឭកថា Than Quang Ninh ធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀង ១ទល់នឹង៤នៅភ្នំពេញ ប្រកួត AFC Cup ២០២០៕