កីឡាករ Valencia ដើរចេញពីតារាងបន្ទាប់ពីសមាជិករបស់ខ្លួនរងអំពើរើសអើងពូជសាសន៍
(BC-99)
ការប្រកួតនៅក្របខណ្ឌ LaLiga សប្តាហ៍ទី២៩រវាង Valencia និង Cadiz កាលពីថ្ងៃអាទិត្យត្រូវបានផ្អាកជាបណ្តោះអាសន្នដោយមានកីឡាករដើរចេញពីការប្រកួតជាច្រើននាទីបន្ទាប់ពីមានការចោទប្រកាន់ថាមានការរើសអើងជាតិសាសន៍។
កីឡាករ Mouctar Diakhaby របស់ក្រុម Valencia បានទទួលរងអំពើរើសអើងពូជសាសន៍ក្រោយពីកីឡាកររបស់ Cadiz Juan Cala បានប្រើពាក្យអសុរោះដាក់រូបគេនាអំឡុងពេលប្រកួតតង់ទី១នៅកីឡដ្ឋាន Estadio Ramon de Carranza។
អាជ្ញាកណ្តាលបានប្រើសិទ្ធរបស់ខ្លួនពិន័យកាតលឿងដល់កីឡាករទាំង២រូបនេះខណៈមិត្តរួមក្រុម Valencia Gabriel Paulista បានព្យាយាមរំសាយកំហឹងរបស់កីឡាករខ្សែការពារបារាំងខាងលើ។ ប៉ុន្តែអ្វីដែលកាន់ធ្ងន់ធ្ងរនោះគឺ Diakhaby មិនព្រមបន្តការប្រកួតឡើយដោយព្យាយាមដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ដែលជាហេតុធ្វើឱ្យការប្រកួតនេះត្រូវផ្អាកជាបណ្តោះអាសន្នអស់ជាច្រើននាទី។
បើទោះជាក្រុមទាំងពីរត្រូវបានសម្រុះសម្រួលឱ្យចូលមកកាន់ទីលានដើម្បីបន្តការប្រកួតក៏ដោយក៏ Diakhaby មិនបានចូលលេងវិញទេហើយត្រូវបានជំនួសដោយខ្សែការពារកណ្តាល Hugo Guillamon ។ ថ្វីត្បិតតែចប់ការប្រកួតទាំងស្រុង Cadiz បានទទួលជ័យជម្នះ ២-១ លើក្រុម Valencia តែអំពើរើងអើងពណ៌សំបុរដោយសារពាក្យសម្តីនេះមិនបានបញ្ចប់នៅឡើយទេខណៈដែល Valencia កំពុងដាក់ពាក្យបណ្តឹងកីឡាករ Juan Cala ចំពោះអំពើដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួន។