កំណត់ត្រាលោតខ្ពស់របស់ CR7 ត្រូវបានអ្នកផ្សេងបំបែកហើយ
ខ្សែការពារ Bevis Mugabi របស់ក្លិប Motherwell នៃក្របខណ្ឌកំពូលស្កុតលែនបានបំបែកកំណត់ត្រាលោត២ម៉ែត្រ៥៦របស់ Cristiano Ronaldo ហើយ។
Mugabi ដែលមានកម្ពស់១ម៉ែត្រ៨៧ លោតបាន២ម៉ែត្រ៦២ ហើយគេធ្វើបានបែបនេះក្នុងការប្រកួតតទល់ក្លិប Ross County។
ក្លិបនៅស្កុតលែននេះប្រកាសថា Mugabi បានលោតខ្ពស់ជាង Ronaldo ទៅទៀត។
កាលខែធ្នូ ឆ្នាំ២០១៩ Ronaldo បានតែតបញ្ចូលទីឲ្យ Juventus ចូលសំណាញ់ Sampdoria ដែលកាលណោះ គេលោតបាន២ម៉ែត្រ៥៦ និងផុតពីដី០ម៉ែត្រ៧១។ សារព័ត៌មានអឺរ៉ុបផ្សាយថា ជាការលោតយ៉ាងអស្ចារ្យបំផុត។
Bevis Mugabi កើតនៅប្រទេសអង់គ្លេស តែលេងឲ្យជម្រើសជាតិអ៊ូហ្គង់ដារបស់ឪពុកម្ដាយគេ។ កីឡាករវ័យ២៥ឆ្នាំជាប់ជម្រើសជាតិអ៊ូហ្គង់ដា១០ដង។ គេធ្លាប់ឆ្លងកាត់ថ្នាល Fulham មុនផ្លាស់ទៅ Southampton ឆ្នាំ២០១១ តែមិនមានឱកាសលេងនៅជម្រើសដំបូង។ ឆ្នាំ២០១៩ គេបានផ្លាស់ទៅ Motherwell និងរកបាន២គ្រាប់៕