អាល្លឺម៉ង់ដៅគ្រូ២រូបជាក្បាលម៉ាស៊ីនថ្មី
សហព័ន្ធកីឡាបាល់ទាត់អាឡឺម៉ង់ (DFB) កំពុងកំណត់គោលដៅលោក Thomas Tuchel និង Ralf Rangnick សម្រាប់តំណែងគ្រូបង្គោល និងនាយកបច្ចេកទេសរៀងៗខ្លួនដើម្បីធ្វើកំណែទម្រង់បន្ទាប់ពីរាជ័យក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022។
នៅល្ងាចថ្ងៃទី០៥ ខែធ្នូ លោក Oliver Bierhoff បានប្រកាសលាលែងពីតំណែងជានាយកបច្ចេកទេសទទួលបន្ទុកក្រុម ហើយបានបញ្ចប់កិច្ចសន្យារបស់លោកនៅ DFB ក្នុងរយៈពេលពីរឆ្នាំ។ Bierhoff គឺជាអ្នកដែលបានជ្រើសរើស Hansi Flick ដើម្បីជំនួស Joachim Low ដឹកនាំអាល្លឺម៉ង់បន្ទាប់ពី Euro 2020។ ដូច្នេះហើយការសម្រេចចិត្តរបស់ Bierhoff ក្នុងការចាកចេញពីក្រុមបានធ្វើឱ្យកៅអីរបស់ Flick រង្គើរយ៉ាងខ្លាំង។
លោក Flick សារភាពថាមានការលំបាកជាមួយនឹងការសម្រេចចិត្តរបស់លោក Bierhoff ក្នុងការលាលែងពីតំណែង។ ក្រុមគ្រូបង្វឹក និងលោកកំពុងពិបាកក្នុងការស្រមៃមើលការចាកចេញរបស់លោក Bierhoff ។
យោងតាមសារព័ត៌មាន Kicker ដែលជាទស្សនាវដ្តីកីឡាឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ ក្នុងករណីដែល Flick លាលែងពីតំណែង ឬត្រូវបានបញ្ចប់ដោយ DFB លោក Tuchel នឹងក្លាយជាបេក្ខភាពនាំមុខ។ Tuchel កំពុងនៅទំនេរបន្ទាប់ពីចែកផ្លូវពី Chelsea៕