អង់គ្លេស, បារាំង និង៣ក្រុមផ្សេងទៀតមានកៅអីវគ្គ១៦ក្រុម Euro ទោះសល់មួយប្រកួតទៀត
ជ័យជម្នះ២ទល់នឹង០របស់បែលហ្ស៊ិកលើហ្វាំងឡង់ បានជួយ៥ក្រុមក្នុងផ្សេងទៀតក្ដោបកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Euro 2020។
អង់គ្លេស, បារាំង, សាធារណរដ្ឋឆែក, ស៊ុយអែត និងស្វីស ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ក្រុមទាំងនេះទទួលបាន៤ពិន្ទុដែលគ្រប់គ្រាន់ដើម្បីទៅកាន់វគ្គបន្តទៀត ដោយច្រើនជាងហ្វាំងឡង់ក្នុងពូល B និងអ៊ុយក្រែន ក្នុងពូល C ដែល២ក្រុមនេះឈរលេខ៣ក្នុងពូល។ ដូច្នេះហ្វាំងឡង់ និងអ៊ុយក្រែនចាំអ៊ុតមើលពូលផ្សេងទៀតដែលនៅសល់ការប្រកួតជាមុនសិន ថាតើពួកគេអាចរក្សាទីតាំងក្នុងចំណោមលេខ៣ល្អបានឬអត់។
ក្នុងចំណោមក្រុម៥ខាងលើ មានតែស្វីសទេលេងគ្រប់៣ប្រកួត ខណៈអង់គ្លេស, បារាំង, ឆែក និងស៊ុយអែត សល់មួយប្រកួតក្នុងដៃដើម្បីកំណត់ចំណាត់ថ្នាក់ក្នុងពូល ថាពួកគេអាចបញ្ចប់នៅលេខប៉ុន្មាន។
បើតាមរូបមន្ត Euro ១២ក្រុមពី៦ពូល ជាមួយក្រុមលេខ៣ល្អចំនួន៤ក្រុមនឹងឡើងវគ្គ១៦ក្រុមចុងក្រោយ។ ដូចបានលើកឡើងខាងលើអ៊ីចឹង គឺហ្វាំងឡង់ និងអ៊ុយក្រែន ដែលកំពុងឈរលេខ៣ តែអស់ប្រកួតទៅហើយនោះ កំពុងចាំអ៊ុតលទ្ធផលពីពូល D, E និង F។
ក្នុងពូល D វិញ អង់គ្លេស និងឆែកត្រូវប៉ះគ្នាកំណត់យកលេខ១ និងលេខ២ក្នុងពូល។ ទន្ទឹមនឹងនេះដែរ អេស្ប៉ាញ, អាល្លឺម៉ង់ និងព័រទុយហ្គាល់ ត្រូវប្រឹងខ្លាំងដូចៗគ្នា សម្រាប់ប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេរៀងៗខ្លួន៕