
Enzo ចូលលេង តែ Chelsea មិនអាចឈ្នះ Fulham
ម្ចាស់កំណត់ត្រាថ្លៃផ្ទេរខ្ពស់បំផុតនៅអង់គ្លេស Enzo Fernandez បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសម្រាប់ Chelsea ក្នុងការប្រកួតក្របខណ្ឌ Premier League តែយ៉ាងណា មិនអាចឈ្នះ Fulham បានឡើយ ដោយបានត្រឹមស្មើ០ទល់នឹង០។
ខ្សែបម្រើអាហ្សង់ទីន Fernandez បានបញ្ចប់ការផ្ទេរទៅកាន់ក្រុមតោខៀវក្នុងតម្លៃ១០៧លានផោនពី Benfica កាលពី៣ថ្ងៃមុន ហើយអ្នកចាត់ការ Graham Potter បានដាក់លេង១១នាក់ដំបូងតែម្ដង។
គេបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយស្ទើរតែអាចបង្កើតឱកាសឲ្យមិត្តរួមក្រុមបានសម្រេចទៅហើយនៅវគ្គទី២។
តែសរុបមក Chelsea ធ្វើមិនបានល្អគ្រប់គ្រាន់ក្នុងការទទួលបានជ័យជម្នះនោះទេ ខណៈពួកគេបានព្យាយាមម្តងទៀតដើម្បីបង្កើតឱកាសស៊ុតបញ្ចូលទី។
គិតមកទល់ពេលនេះ Chelsea មាន៣០ពិន្ទុ ពីការប្រកួត២១លើកនៅលេខ៩ លើក្រុមលេខ១០ Liverpool ១ពិន្ទុ តែហង្សក្រហមលេងតិចជាង២ប្រកួត។
ចំណែក Fulham ឡើងលេខ៦ មាន៣២ពិន្ទុពីការប្រកួត២២លើក៕