Bayern Munich បញ្ចប់តំណែង Legend ខ្លួន២រូប
Bayern Munich បានចែកផ្លូវគ្នាជាមួយនាយកប្រតិបត្តិ Oliver Kahn និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់កីឡា Hasan Salihamidzic បន្ទាប់ពីបានឈ្នះជើងឯក Bundesliga ជាលើកទី ១១ជាប់ៗគ្នា។
អនុប្រធាន Jan-Christian Dreesen នឹងចូលកាន់តំណែងពី Kahn ខណៈអ្នកជំនួស Salihamidzic មិនទាន់ត្រូវបានតែងតាំងនៅឡើយ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លឹបបាននិយាយថា “Oliver Kahn លែងជានាយកប្រតិបត្តិរបស់ FC Bayern Munchen AG ទៀតហើយ។ Hasan Salihamidzic ក៏នឹងត្រូវជំនួសតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់កីឡាផងដែរ។ នេះត្រូវបានសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ក្លិប។”
Kahn បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៅខែមករា ឆ្នាំ២០២០ ហើយបានចូលកាន់តំណែងជានាយកប្រតិបត្តិនៅខែកក្កដាឆ្នាំបន្ទាប់។