Solskjaer ផ្ដាំ Lingard មួយម៉ាត់នេះក្រោយព្រមឲ្យ West Ham ខ្ចី
អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer សង្កត់ធ្ងន់ថា Jesse Lingard នៅមានឱកាសត្រលប់ទៅ Manchester United វិញនាពេលខាងមុខ ប្រសិនបើអាចធ្វើបានល្អនៅក្រុមថ្មី។
គ្រូបង្វឹកជនជាតិន័រវេថ្លែងបែបនេះក្រោយ ខ្សែបម្រើអង់គ្លេសខាងលើត្រូវបាន Man UTD ឲ្យ West Ham United ខ្ចីដល់ដាច់រដូវកាល។
លោក Ole បញ្ជាក់បែបនេះ “៖យើងចង់ឲ្យ Lingard ឡើងជើងវិញ និងបង្ហាញសមត្ថភាពយ៉ាងល្អនៅ West Ham។ រដូវកាលនេះ គេខ្វះសំណាង។ គេត្រូវបានធ្វើចត្តាឡីស័កច្រើនដងដែរ ដោយសារបានប៉ះពាល់អ្នកកើតកូវីដ១៩។ គេក៏មានបញ្ហារបួសខ្លះ មិនអាចលេងបាន។ ខ្ញុំសង្ឃឹមថា គេនឹងធ្វើបានល្អ ហើយអាចត្រលប់ចូលក្រុមវិញ។”
ប្រភពពីសារព័ត៌មាន Goal ឲ្យដឹងថា West Ham ចំណាយ១លាន៥សែនផោនសម្រាប់ថ្លៃខ្ចី Ligard។
មុនការផ្លាស់ទៅ West Ham កីឡាករវ័យ២៨ឆ្នាំក៏ត្រូវបានទាក់ទងដោយ Everton, Tottenham និងក្លិបនៅ Premier League មួយចំនួន តែសម្រេចចិត្តទៅក្រុមញញួរធំ។
នេះជាលើកទី៥ហើយដែល Lingard ត្រូវបានបិសាចក្រហមឲ្យក្លិបផ្សេងខ្ចី។ គេមានឱកាសលេងជម្រើសដំបូងញឹកញាប់ចាប់តាំងពីឆ្នាំ២០១៥មក។ យ៉ាងណា រដូវកាលនេះគេលេងបានតែ៣ដងប៉ុណ្ណោះទាំងនៅ FA Cup និង League Cup ដោយសារ Man UTD មានជម្រើសកីឡាករច្រើនទៀត៕