អ្នកចាំទីវៀតណាមផ្ទេរទៅក្លិបកំពូលជប៉ុនក្រោយឈ្នះក្ដីនៅ Muangthong
ក្លិបបាល់ទាត់ក្របខណ្ឌកំពូលជប៉ុន Cerezo Osaka បានប្រកាសផ្ទេរអ្នកចាំទីជម្រើសជាតិវៀតណាម Dang Van Lam។
កីឡាករកូនកាត់រុស្ស៊ីវៀតណាមបានបង្ហាញអារម្មណ៍រីករាយចំពោះការចូលរួមក្រុមធំនៅអាស៊ីនេះ។ ក្រោយសេចក្ដីប្រកាសនេះ Van Lam នឹងពិនិត្យសុខភាព ហើយចុះហត្ថលេខាជាផ្លូវការតែម្ដង។
អ្នកចាំទីវ័យ២៧ឆ្នាំចាត់ទុកជាកិត្តិយសដ៏អស្ចារ្យ និងថាជាការបោះជំហានទៅមុខទៀតក្នុងអាជីព។
មុនការប្រកាសចូលរួមជាមួយ Cerezo Osaka អ្នកចាំទី Dang Van Lam មានរឿងចម្រូងចម្រាសជាមួយក្លិបដើម Muangthong United។ គេបានទាមទារបញ្ចប់កិច្ចសន្យាតែម្ដង ដោយលើកឡើងថា ក្លិបកំពូលថៃមួយនេះមិនបានបំពេញតាមកិច្ចសន្យាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។
ដូច្នេះហើយ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានផ្ដល់សិទ្ធិផ្ទេរជាបណ្ដោះអាសន្នទៅកាន់ Dang Van Lam។ អ្នកតំណាងអ្នកចាំទីវៀតណាមរូបនេះ គឺលោក Andrey Grushin និយាយថា មិនមែនជារឿងដ៏គួរភ្ញាក់ផ្អើលទេ។ លោកថា សូម្បីតែក្លិប Cerezo Osaka ក៏ជួយសម្របសម្រួលរឿងទិដ្ឋាការដែរ។
គួរដឹងដែរថា Dang Van Lam មានឪពុកជាជនជាតិវៀតណាម និងម្ដាយរុស្ស៊ី។ គេធំធាត់ និងហ្វឹកហាត់ថ្នាលបាល់ទាត់នៅរុស្ស៊ី និងធ្លាប់ប្រកបអាជីពនៅវៀតណាម មុនផ្លាស់ទៅ Muangthong United ឆ្នាំ២០១៩៕