
ឈិន ឈឿន ៖ខ្ញុំលេងតែក្លិបមួយប៉ុណ្ណោះ បន្ទាប់ពីចេញពីព្រះខ័នរាជស្វាយរៀង
បន្ទាប់ពីបានចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន១រដូវកាល ខ្សែការពារកំពូលល្បឿន ឈិន ឈឿន បានបញ្ជាក់ថា រូបគេមិនទៅលេងក្លិបណាបន្តទៀតនោះទេ បន្ទាប់ពីចាកចេញពីក្លិបដែលមានមូលដ្ឋាននៅខេត្ត ស្វាយរៀង នេះ ពោលគឺវិលមកក្លិបចាស់ ក្រសួងការពារជាតិ ( Tiffy Army ) វិញ ទោះបីមានក្លិបផ្សេងទាក់ទងយ៉ាងណាក៏ដោយ ។
ឈិន ឈឿន បានបញ្ជាក់ថា ខ្ញុំធ្លាប់សន្យាជាមួយខ្លួនឯងរួចហើយថាមិនលេងអោយក្លិបច្រើននោះទេ ពោលរូបគេចង់លេងអោយតែក្លិបក្រសួងការពារមួយប៉ុណ្ណោះ ហើយការទៅលេងអោយក្លិប ព្រះខ័នរាជស្វាយរៀង គឺដើម្បីចង់បានបទពិសោធបន្ថែម និងចង់លេងក្នុងពានរង្វាន់ AFC Cup ។ ខ្សែការពាររូបនេះ បន្ថែមថា ក្លិបក្រសួងការពារជាតិ ប្រៀបបានដូចផ្ទះរបស់ខ្ញុំ ហើយជាកន្លែងផ្តល់កំណើតអោយខ្ញុំសម្រាប់វិស័យបាល់ទាត់នេះ ដូចនេះហើយខ្ញុំត្រូវតែផ្តល់គ្រប់យ៉ាង ជាមួយក្លិបនេះ ។
កីឡាករដើមកំណើតខេត្ត ព្រៃវែង រូបនេះជាយុវជនរបស់ក្លិបក្រសួងការពារជាតិ ដែលបានឡើងមកលេងឈុតធំក្នុងឆ្នាំ ២០១០ នឹងធ្លាប់ជួយក្លិបឈ្នះពានរង្វាន់ សម្តេច ហ៊ុន សែន ចំនួន ៣ សម័យផងដែរក្នុងនោះមានឆ្នាំ ២០១០ , ២០១៦ និង ២០១៨ ខណៈនៅរដូវកាល ២០២០ ក៏សម្រេចទៅចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ដោយជួយក្លិបលោក Conor បានត្រឹមជើងឯករងលីគកំពូលកម្ពុជាតែប៉ុណ្ណោះ ៕