
Pep ប្រាប់មូលហេតុមិនប្ដូរកីឡាករសោះក្នុងការប្រកួតឈ្នះ Fulham
លោក Pep Guardiola អ្នកចាត់ការ Manchester City បានសម្រេចចិត្តមិនផ្លាស់ប្ដូរកីឡាករឡើយក្នុងការប្រកួត Premier League ឈ្នះ Fulham ២ទល់នឹង០ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ដោយទុកអ្នកលេងជម្រើសដំបូងទាំងអស់លេងរហូតដល់ចប់៩០នាទី។
តាមពិតទៅលោកស្ថិតក្នុងចំណោមគ្រូបង្វឹកដែលគាំទ្រដល់ការបង្កើនកូតាផ្លាស់ប្ដូរក្នុងការប្រកួតពី៣ទៅ៥នាក់ ដោយថាអាចជួយកីឡាករមិនងាយមានបញ្ហារបួស។
“តាមពិតទៅអ្នកដែលមិនបានលេងថ្ងៃនេះ គឺនឹងត្រូវត្រៀមលេង Champions League ថ្ងៃពុធ។ ក្រោយពីការប្រកួតនៅថ្ងៃពុធ យើងនឹងគិតមើលថា តើនឹងរើសនរណាសម្រាប់ការប្រកួតថ្ងៃចុងសប្ដាហ៍ក្រោយជាមួយ Man UTD ទៀត។ ក្នុងការប្រកួតយប់មិញ គឺ២៥នាទីចុងក្រោយ យើងឃើញថា De Bruyne រាងនឿយហត់បន្តិច។” នេះជាការបញ្ជាក់ពីលោក Pep Guardiola។
ចំនួនផ្លាស់ប្ដូរកីឡាករ គឺជាប្រធានបទក្ដៅមួយពេញមួយរដូវកាលមកនេះ ហើយក្លិបធំៗដែលមានកៅអីប្រកួតពានអឺរ៉ុបទាមទារឲ្យមានការបង្កើនចំនួនកីឡាករផ្លាស់ប្ដូរ។
លោក Pep បន្ថែមបែបនេះ “៖ប្ដូរបាន៥នាក់ គឺជួយបានច្រើនចំពោះកាយសម្បទាកីឡាកររបស់ក្រុមដែលប្រកួត៣ថ្ងៃម្ដង។”