Aubameyang ចង់ឱ្យ Arsenal វិលមករកភាពខ្លាំងជាថ្មីតាមរយៈការប្រកួតយកឈ្នះ Tottenham
(BC-99)
ប្រធានក្រុម Arsenal ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang សង្ឃឹមថាទ័ពកាំភ្លើងធំនិងទទួលបានជ័យជម្នះដ៏ធំមួយនៅចុងសប្តាហ៍ទល់នឹងក្រុម Tottenham ដើម្បីសាងទំនុកចិត្តជាថ្មីដល់អ្នកគាំទ្ររបស់ខ្លួន។
ចាប់តាំងពីឈ្នះក្រុមបិសាចក្រហម ១-០ កាលពីដើមខែវិច្ឆិការនៅ Premier League មកកាំភ្លើងធំមិនដែលស្គាល់ពាក្យថាឈ្នះឡើយនៅក្របខណ្ឌមួយនេះពោលគឺបានចាញ់ Aston Villa ៣-០ ស្មើជាមួយ Leeds ០-០ និងចាញ់ Wolves ១-២ ហើយពួកគេកំពុងតែរិះរកវិធីឱ្យក្រុមរបស់ខ្លួនកែសម្រួលចំនុចខ្វះខាតឱ្យបានឆាប់រហ័ស។
ទាក់ទងទៅនឹងការធ្លាក់ទម្រង់លេងនៅ Premier League នេះដែរខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang បានឈ្វេងយល់ថាវាជារឿងដ៏អាក្រក់មួយក្នុងប្រវត្តិ៣៩ឆ្នាំរបស់ Arsenal ដែលឈ្នះតែ៥ប្រកួតក្នុងចំណោម១០ប្រកួតនាដើមរដូវ រូបគេបានសរសេរលើគណនីសង្គមផ្ទាល់ខ្លួនថា “យើងត្រូវតែបញ្ឈប់ភាពសោកស្តាយក្រោយការប្រកួតរបស់ក្រុមចេញ។ ការឈ្នះលើ Tottenham Hot Spur នៅថ្ងៃអាទិត្យនេះគឺជារឿងសំខាន់បំផុតដែលជួយយកភាពខ្លាំងមកឱ្យក្រុមវិញ។ ពួកយើងកំពុងតែរង់ចាំការប្រកួតយ៉ាងអន្ទះសារ វានឹងក្លាយជាការប្រឈមដ៏ស្វិតស្វាញមួយ”។
គួរបញ្ជាក់ថា២ប្រកួតចុងក្រោយនៃការប៉ះគ្នារវាងក្រុមទាំងពីរនៅ Premier League កាលពីរដូវកាលមុនគឺទទួលបានលទ្ធផលស្មើគ្នាម្តង និង មាន់ខ្នាយមាសរបស់លោក Jose Mourinho ទទួលបានជ័យជម្នះម្តង។ រីឯការប៉ះគ្នានៅរាត្រីថ្ងៃអាទិត្យនេះវិញ CBS ក៏នឹងផ្សាយបន្តផ្ទាល់ផងដែរចាប់ពីវេលាម៉ោង ២៣:១៥ នាទីតទៅ។