
Beckham ៖ បានលេងជាមួយ Mbappe ប្រៀបដូចសុបិន
អតីតតារាបាល់ទាត់ David Beckham លើកឡើងថា Kylian Mbappe នឹងក្លាយជាមិត្តរួមក្រុមដ៏អស្ចារ្យមួយរូបប្រសិនបើអ្នកទាំងពីរមានឱកាសលេងទាន់ជំនាន់ជាមួយគ្នា។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសថ្លែងបែបនេះ “៖បំណងប្រាថ្នាខ្ញុំឥឡូវនេះ គឺខ្ញុំចង់ក្លាយជាកីឡាករម្ដងទៀត ព្រោះបានលេងជាមួយកីឡាករដូច Kylian Mbappe ប្រៀបដូចជាសុបិនអ៊ីចឹង។ លេងជាមួយគាត់ យើងគ្រាន់តែបញ្ជូនបាល់ទៅគាត់ ហើយគាត់អាចចាត់ចែងបានហើយ។ គាត់ជាមនុស្សចេះដាក់ខ្លួន។ ខ្ញុំចូលចិត្តគាត់ ព្រោះគាត់សុភាពរាបសារ ហើយមានទេពកោសល្យ។ នៅក្មេងសោះ តែអាចលេងបានកម្រិតហ្នឹង គឺពិតជាអស្ចារ្យណាស់។”
កាលថ្ងៃទី០៥ ខែធ្នូ Mbappe រកបានគ្រាប់ទី១០០ឲ្យ Paris Saint Germain ពេលឈ្នះ Montpellier។ គេជាកីឡាករ PSG ទី៥ដែលធ្វើបានបែបនេះ។ សូម្បីតែ Neymar ក៏បានចូលរួមអបអររូបគេដែរ ហើយថា អតីតកីឡាករ AS Monaco រូបនេះប្រៀបដូចជាប្អូនប្រុសរបស់គេអ៊ីចឹង។
ដោយឡែក អនាគតរបស់ Mbappe នៅ Parc des Princes នៅតែស្ថិតក្នុងមន្ទិល។ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងត្រូវបានតាមចែចូវដោយ Real Madrid។ យ៉ាងណា ការប៉ុនប៉ងទាក់ទាញ Sergio Ramos និង Lionel Messi ទៅ PSG ទំនងអាចចងចិត្ត Mbappe ឲ្យបន្តលេងនៅ Paris Sain Germain។
កីឡាករវ័យ២១ឆ្នាំ Mbappe បានចូលរួមជាមួយ PSG ក្រោយជួយ Monaco លើកពាន Ligue 1 នៅរដូវកាល២០១៦/២១០៧៕