ស៊ុំ វណ្ណា គ្រូបង្វឹកក្លិបភ្នំពេញក្រោន មិនបានចាកចេញនោះទេ ប៉ុន្តែត្រូវប្តូរមុខតំណែង
ក្រោយមានការលើកឡើងថាគ្រូបង្វឹកភ្នំពេញក្រោនលោក ស៊ុំ វណ្ណា អាចលាលែងចេញពីតំណែង ស្រាប់តែនៅថ្ងៃនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនប្រកាសលើគេហទំព័រផ្លូវការថា ក្លិបមានកិត្តិយសសូមជម្រាបដល់សាធារណៈជនអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាឲ្យបានជ្រាបថាក្លឹបបានសម្រេចតែងតាំងលោក ស៊ុំ វណ្ណា ដែលជាគ្រូក្រុមធំសព្វថ្ងៃនេះទៅជានាយកបច្ចេកទេសរបស់ក្លឹប ។
លោកគ្រូ ស៊ុំ វណ្ណាបានចំណាយពេលវេលាជិត២រដូវកាលជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងមើលឃើញថាលោកគ្រូក៏ជាចំណែកមួយក្នុងការអភិវឌ្ឍន៍ធនធានកីឡាកររបស់យើង ដូច្នេះថ្នាក់ដឹកនាំក្លឹបបានធ្វើការសម្រេចតែងតាំងលោកគ្រូជានាយកបច្ចេកទេស ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍យុវជនថ្នាលទាំង៣កម្រិត (យុវជនអាយុក្រោម១៥ឆ្នាំ យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម២១ឆ្នាំ) និងក្រុមនារីភ្នំពេញក្រោន ។
សូមបញ្ជាក់ផងដែរថាលោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកដែលមានវិញ្ញាបនបត្រ AFC A-License ហើយក្នុងពេលថ្មីៗនេះផងដែរលោកគ្រូទើបតែបញ្ចប់ការសិក្សាជាគ្រូឧទ្ទេសកម្រិត FIFA ផងដែរ ។ យើងសង្ឃឹមថាលោកគ្រូនឹងធ្វើការយ៉ាងសកម្មជាមួយក្រុមថ្នាលរបស់ក្លិបភ្នំពេញក្រោន ដើម្បីបណ្តុះបណ្តាលពួកគេឲ្យទទួលបានលទ្ធផលល្អសម្រាប់ក្លឹប និងក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតខាងមុខ ៕ ប្រភព៖ PhnomPenhCrownFC