ឆ្នាំដ៏អស្ចារ្យមួយរបស់ឈង់ ប៊ុនណាត មុនផ្លាស់ទៅវិសាខា
ពីកីឡាករកម្រិតខេត្តក្នុងក្រុមជម្រើសសៀមរាបប្រកួតព្រឹត្តិការណ៍កីឡាជាតិ និងក្រុមពាក់កណ្ដាលអាជីពគិរីដងរែក ឈង់ ប៊ុនណាត បានវិវឌ្ឍខ្លួនទៅជាខ្សែការពារលេចធ្លោមួយរូបក្នុងក្របខណ្ឌកំពូលកម្ពុជា។
យុវជនវ័យ២៣ឆ្នាំត្រូវបានប្រកាសជាសមាជិកថ្មីរបស់វិសាខាដែលជាក្លិបបាល់ទាត់ដ៏ធំ និងសម្បូរធនធាន នៅថ្ងៃចន្ទ ២៩ ខែវិច្ឆិកា នេះ។
មុនឈានជើងចូលក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ នេះ ប៊ុនណាត ជាកម្លាំងដ៏សំខាន់ក្នុងក្រុមអង្គរថាយហ្គឺរ ចាប់តាំងពីឆ្នាំ២០១៨មក។
ដំបូងឡើយគេគ្រាន់តែជាយុវជនមួយរូបលេងបាល់តាមសាលារៀន និងបានឈានទៅជាប់ជម្រើសខេត្តសៀមរាប ហើយបានចូលរួមក្នុងក្រុមពាក់កណ្ដាលអាជីពគិរីដងរែក ប្រកួតពានរង្វាន់ផ្សេងៗក្នុងខេត្តកំណើតមួយនេះ។
ដោយសារតែសមត្ថភាពល្អ គេបានជាប់តេស្ដក្នុងក្រុមសូលទីឡូអង្គរ និងប្រកួត Cambodian League 2 ឆ្នាំ២០១៧។ ការលេងយ៉ាងល្អក្នុងក្រុមដែលមានលោក Keisuke Honda ជាម្ចាស់ បានឆក់យកចំណាប់អារម្មណ៍ពីគូប្រជែងរួមខេត្តអង្គរថាយហ្គឺរ ហើយផ្លាស់ទៅក្រុមនេះក្នុងឆ្នាំ២០១៨។
ត្រឹមតែមួយរដូវកាលសោះនៅអង្គរថាយហ្គឺរ ប៊ុនណាត បានឈានជើងជាប់ក្រុម Cambodia All Stars, ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ, ២៣ឆ្នាំ និងក្រុមធំ ផ្ទួនៗគ្នាក្នុងឆ្នាំ២០១៩៕