ការជួសជុលកីឡដ្ឋានស្តាតចាស់ឈានដល់ការដាំស្មៅធម្មជាតិស្តង់ដា
ស្មៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដែលប្រើប្រាស់ដោយក្រុមបាល់ទាត់ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម បានឈានដល់ដំណាក់កាលដាំស្មៅធម្មជាតិ ដោយគ្រោងរួចរាល់ក្នុងខែ មិថុនា ២០២១ នេះ ។
លោក ខូវ ឆាយ អគ្គលេខាធិការក្លិប សមាគមកីឡាបាល់ទាត់ ខ ភ ម បានបញ្ជាក់ប្រាប់ MSR SPORT ថា យើងកំពុងចាប់ផ្តើមធ្វើ ដោយប្តូស្មៅចាស់ចោលទាំងអស់ហើយដាក់ស្មៅធម្មជាតិស្តង់ដានិងប្រព័ន្ធស្រោចទឹកដោយស្វ័យវិត្ត ។ ក្រុមហ៊ុនរបស់លោក ហ៊ួយ ដារី ជាអ្នកទទួលសិទ្ធធ្វើជាមួយក្រុមការងាររបស់លោកដែលមានបទពិសោធធ្វើកីឡដ្ឋាន SMART RSN និង SRU នៅខេត្តសៀមរាប ដូចនេះទម្រង់នៃការផ្លាស់ប្តូរស្មៅនេះដូចទៅហ្នឹងកីឡដ្ឋានទាំងពីរនេះដែរ ។
លោក ខូវ ឆាយ បន្ថែមថា ការជួសជុលនេះគ្រោងចំណាយថវិកាប្រមាណ ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយអាចនឹងរួចរាល់ក្នុងអំឡុងខែ មិថុនា ឆ្នាំ ២០២១ នេះ ។
ក្រុមបាល់ទាត់ TIFFY ARMY បានស្នើទៅសហព័ន្ធប្រកួតក្រៅដីទាំង អស់ក្នុងជុំទី១ការប្រកួតលីគកំពូលរដូវកាល ២០២១ នេះ ខណៈជុំទី២ អាចប្រើប្រាស់ទីលានផ្ទាល់ខ្លួនដែលមានស្មៅដ៏ស្រស់ស្អាតនេះបាន ។
សូមបញ្ជាក់ថា កីឡដ្ឋានស្តាតចាស់មានអាយុកាលតាំងពីឆ្នាំ ១៩២០ ដោយអាចដាក់អ្នកទស្សនាបានប្រហែល ១៥០០០ នាក់ ។ នេះជាលើកទីមួយហើយដែលស្មៅនៅទីលាននេះបានផ្លាស់ប្តូរលក្ខណៈ ទ្រង់ទ្រាយធំតាមបែបស្តង់ដាដូចនេះ ៕