Greedwood៖លោក Ole បង្រៀនខ្ញុំតាំងពីអាយុ៨ឆ្នាំ!
(BC-99)
ខ្សែប្រយុទ្ធ Mason Greenwood របស់ក្រុមបិសាចក្រហមបានសារភាពថារូបគេត្រូវបានអ្នកចាត់ការរបស់បិសាចក្រហមនាពេលបច្ចុប្បន្ន Ole Gunnar Solskjaer ផ្តល់តំបូន្មានឱ្យតាំងពីរូបគេមានអាយុ ៨ ឆ្នាំមកម្ល៉េះ។
ដោយសារតែបានហ្វឹកហាត់បាល់ទាត់ក្នុងថ្នាលជាមួយកូនប្រុសរបស់ Solskjaer គឺ Noah ទើបរូបគេត្រូវបានអ្នកចាត់ការរូបនេះបានប្រាប់ពីគន្លឹះខ្លះៗទាក់ទងនិងបាល់ទាត់។ ទាំងនេះហើយដែលគេបានយកមកត្រងត្រាប់និងបានក្លាយជាកីឡាករឆ្នើមម្នាក់នៅពេលបច្ចុប្បន្ននេះ។
ខ្សែប្រយុទ្ធអាយុ ១៩ ឆ្នាំរូបនេះបាននិយាយប្រាប់ BT Sport ថា៖ “កាលពីខ្ញុំអាយុ ៨ ឆ្នាំខ្ញុំបានហាត់បាល់ទាត់នៅសាលាបណ្តុះបណ្តាលជាមួយកូនប្រុសរបស់គាត់(Ole)។ នៅពេលនោះគាត់បានប្រាប់ពីរបៀបអូសបាល់ចូលតំបន់គ្រោះថ្នាក់និងការបញ្ចប់ទីដោយមានប្រសិទ្ធភាព។ អ្វីដែលខ្ញុំបានធ្វើតាមគាត់ ពិតជាជួយខ្ញុំរកគ្រាប់បាល់បានមែន។ រហូតមកដល់ពេលនេះខ្ញុំនៅតែចងចាំ ខ្ញុំនៅតែអនុវត្តន៍តាម។ អ្វីដែលខ្ញុំចាំមិនភ្លេចគឺមានពេលមួយនោះលោក Ole បានប្រាប់ខ្ញុំថាគាត់នឹងធ្វើជាអ្នកដឹកនាំក្រុម Manchester United នៅថ្ងៃណាមួយមិនខាន។ ហើយវាពិតជាដូចគាត់បាននិយាយមែន!”។
គួរបញ្ជាក់ដែរថា Greenwood ជាកីឡាករថ្នាលរបស់បិសាចក្រហមតាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ នៅឆ្នាំ ២០១៨ រូបគេត្រូវបានតម្លើងមកលេងឱ្យក្រុមឈុតធំរបស់ United នៅអាយុ ១៧ ឆ្នាំស្របដោយលោក Ole Gunnar Solskjaer បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមមួយនេះជំនួសលោក Jose Mourinho។