វីរបុរសរបស់ Manchester United ពីរនាក់មិនយល់ស្របចំពោះការចង់បាន Cristian Eriksen
(BC-99)
ជាការផ្តល់មតិយោបល់ដល់អតីតក្លិបចាស់របស់ខ្លួនវីរបុរសរបស់ក្លិប Manchester United ពីររូបបាននិយាយដូចគ្នាថាបិសាចក្រហមមិនទាន់ចាំបាច់ទិញកីឡាករសញ្ជាតិដាណឺម៉ាក Cristian Eriksen ពីក្លិបមាន់ខ្នាយមាស Tottenham Hot Spur ទេ។
នៅក្នុងកម្មវិធីជជែករឿងកីឡាបាល់ទាត់នាប្រទេសអង់គ្លេសក្រោយពេលដែលការប្រកួត Premier League បានបិទបញ្ចប់សប្តាហ៍ទី១០នៃរដូវកាលថ្មីនេះ ពិធីករដែលជាអ្នកសម្របសម្រួលកម្មវិធីបានធ្វើការចោទសួរទៅលើវាគ្មិនរបស់ខ្លួនពីររូបគឺលោក Roy Keane និងលោក Gary Neville អំពីលទ្ធភាពរបស់ក្លិប Manchester United ក្នុងការទិញយកកីឡាករខ្សែបម្រើរបស់ Spurs Cristian Eriksen។ ឆ្លើយតបនិងសំនួរនេះអតីតខ្សែការពារនិងជាវីរបុរសក្រុមបិសាចក្រហម Gary Neville បាននិយាយថា “ជាការពិតណាស់ Eriksen គឺជាកីឡាករដ៏ល្អមួយរូប ហើយមានក្លិបធំៗជាច្រើនដែលចង់បានរូបគេ ដូចដែលយើងដឹងស្រាប់ថាគេជាគោលដៅរបស់ Real Madrid។ ក្លិបនៅអេស្ប៉ាញមួយនេះអាចចាយលុយមហាសាលដើម្បីយក Eriksen។ ក៏ប៉ុន្តែសម្រាប់ការគិតរបស់ខ្ញុំ Man Utd មិនចាំបាច់ប្រឹងប្រជែងជាមួយក្លិបណាទាំងអស់ដើម្បីយកកីឡាករម្នាក់នេះឡើយ។ ប្រសិនបើគេចាកចេញពី Spurs ដោយគ្មានតម្លៃខ្លួនចាំពិចារណារឿងនេះ”។
ស្របពេលជាមួយគ្នានោះដែរលោក Roy Keane ក៏បានលើកឡើងដែរថា “ប្រសិនជាខ្ញុំ គឺជាអ្នកចាត់ការទូទៅរបស់ក្លិប Man Utd ខ្ញុំនឹងមិនប្រជែងទិញ Eriksen យកមកទេ។ ស្ថានភាពបច្ចុប្បន្នរបស់ United មិនស៊ីគ្នាជាមួយ Eriksen ឡើយ។ អ្នកគួរតែមានជម្រើសផ្សេងខុសពីរូបគេ ហើយខ្ញុំធ្លាប់និយាយរឿងនេះជាញយដងរួចមកហើយដែរ”។
គួរបញ្ជាក់ថានៅសប្តាហ៍ក្រោយក្រុម Manchester United និងត្រូវប្រកួតជាមួយម្ចាស់ផ្ទះ Bournemouth ក្នុងខណៈពេលដែលលោក Neville បានបង្ហាញទំនុកចិត្តថាអតីតក្រុមរបស់លោកនិងទទួលបានជោគជ័យ ខុសពីលោក Keane ដែលទស្សទាយថាបានត្រឹមតែស្មើ។