Ramos បំបែកកំណត់ត្រាពិសេសនៅអឺរ៉ុប តែជួបរឿងស៊យផ្ទួនៗដែរ
Sergio Ramos បានក្លាយជាកីឡាករបង្ហាញខ្លួនច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិនៅអឺរ៉ុប ដោយចូលលេងបាន១៧៧ដងច្រើនជាងអ្នកចាំទីអ៊ីតាលី Gianluigi Buffon។
ការប្រកួតលើកទី១៧៧ដងនេះកើតឡើងពេលអេស្ប៉ាញស្មើស្វីសក្នុងការប្រកួត UEFA Nations League នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា។
តែអ្វីជារឿងគួរឲ្យស្ដាយនោះ គឺ Ramos បានជួបរឿងស៊យផ្ទួនៗគ្នានៅថ្ងៃបំបែកកំណត់ត្រាពិសេសនេះដោយទាត់ប៉េណាល់ទីមិនចូលដល់ទៅពីរលើក។
លើកទីមួយនៅនាទី៥៧ គេបានទាត់ទៅស្ដាំដៃអ្នកចាំទី Yann Sommer ហើយក៏ត្រូវបានទះចេញ។ ដល់នាទី៨០បានប៉េណាល់ទីម្ដង ដោយប្រើក្បាច់ Panenka ហើយក៏ត្រូវបានចាប់ជាប់។ ការទាត់មិនចូលចុងក្រោយបង្អស់របស់ Ramos កើតឡើងនៅឆ្នាំ២០១៦ ពេលត្រូវបានសង្គ្រោះដោយអ្នកចាំទីក្រូអាត Danijel Subasic។
បើតាម Goal ឲ្យដឹងថា Ramos បានទាត់ចូល២៥លើកជាប់ៗគ្នាសម្រាប់ជម្រើសជាតិអេស្ប៉ាញ និង Real Madrid៕