Juventus ត្រៀមកាត់បន្ថយប្រាក់ឈ្នួល Cristiano Ronaldo រហូតដល់ទៅ ៣០ ភាគរយ
(BC-99)
Cristiano Ronaldo កំពុងតែប្រឈមមុខទៅនឹងការខាតបង់ទឹកប្រាក់ចំនួន ៨,៤ លានផោនខណៈដែលក្រុមសេះបង្កង់ Juventus ត្រូវបានអនុញ្ញាតិអោយកាត់បន្ថយប្រាក់ឈ្នួលកីឡាកររបស់ខ្លួនរហូតដល់ទៅ ៣០ ភាគរយ។
មូលហេតុតែម៉្យាងគត់ដែលរដ្ឋាភិបាល អ៊ីតាលី ប្រុងនឹងបញ្ជាអោយគ្រប់ក្លឹបបាល់ទាត់ក្នុងក្របខ័ណ្ឌ Serie A កាត់បន្ថយតម្លៃឈ្នួលកីឡាករគ្រប់រូបពី ២០ ទៅ ៣០ ភាគរយគឺដោយសារតែការឆ្លងរាលដាលនៃជំងឺ កូរ៉ូណា នុះឯង។ ទឹកប្រាក់ដែលមកពីការកាត់បន្ថយថ្លៃខ្លួនកីឡាករបាល់ទាត់នៅ អ៊ីតាលី រដ្ឋាភិបាលនឹងប្រមូលយកមកធ្វើការចំណាយលើការចាយវាយផ្សេងៗទៅលើសកម្មភាពព្យាបាលនិងទប់ស្កាត់ជំងឺ Covid19 ឬ កូរ៉ូណា ដែលកំពុងតែសម្លាប់ជីវិតមនុស្សជាច្រើនរយនាក់និងអ្នកឆ្លងមានចំនួនរាប់ពាន់នាក់ទៀតនៅក្នុងប្រទេសដែលជាសមាជិកអឺរ៉ុបមួយនេះ។
បើតាមការប្រមើលមើលពីអ្នកជំនាញបានប៉ាន់ស្មានថា Ronaldo នឹងខាតបង់ប្រហែល ៨.៤ លានផោននាពេលអនាគតប្រសិនបើរឿងនោះកើតឡើងមែន។ តែទឹកប្រាក់ក្នុងចំនួនប៉ុណ្ណេះវានឹងមិនផ្តល់ផលប៉ះពាល់អ្វីនុះទេដល់កីឡាករខ្សែប្រយុទ្ធក្លឹប Juventus ម្នាក់នេះ ក៏ប៉ុន្តែវានឹងមានការប៉ះពាល់ដល់កីឡាករដទៃដែលនៅក្លឹបផ្សេងទៀតអាចនឹងរងផលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
គួរអោយដឹងថាកីឡាករវ័យ ៣៥ ឆ្នាំរបស់ ព័រទុហ្គាល់ ទទួលបានប្រាក់ឈ្នួល ៣០ លានផោន ឬ ៥១០,០០០ ផោនក្នុងមួយសប្តាហ៍ពីក្រុមសេះបង្កង់។ គេគឺជាកីឡាករដែលមានទ្រព្យសម្បតិ្តប្រហែល ៣៦១ លានផោនបើយោងតាមទស្សនាវដ្តី Forbes ហើយលើសពីនេះទៅទៀត Ronaldo មានទឹកប្រាក់ ៧៧៣ លានផោនដែលក្រុមហ៊ុន Nike យកគេធ្វើជា Brand Ambassador អស់មួយជីវិត។