Griezmann មិនសូវមានប្រជាប្រិយភាពទេក្នុងចំណោមកីឡាករ Barca
កីឡាករ Barcelona ជាច្រើនគិតថា Antoine Griezmann មិនស័ក្ដិសមសម្រាប់ក្លិបនេះឡើយ។
បើតាមសារព័ត៌មាន Sports កីឡាករ Barca ជាច្រើនហាក់មានអារម្មណ៍ទើសចិត្តចំពោះ Griezmann ដែលធ្លាប់និយាយកាលពី៣ឆ្នាំមុនថា នឹងមិនទៅលេងឲ្យក្រុមរហស្សនាមអ្នកមានបុណ្យឡើយ។ ផ្ទុយទៅវិញ ស្រាប់តែមួយឆ្នាំក្រោយមក ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះបានលេបសម្ដីខ្លួនឯង ដោយចេញពី Atletico Madrid ទៅ Barcelona កាលឆ្នាំ២០១៩។
ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក៏ដោយ មិនសូវមានអ្នកទៅជិត Griezmann ទេ។ អ៊ីចឹងបានជាអតីតកីឡាករក្លិប Real Sociedad ដដែលមិនសូវសប្បាយចិត្តក្នុងបរិយាកាសនៅ Camp Nou មិនដូចជានៅ Atletico Madrid ឡើយ។
Griezmann ចេញពី ATM ទៅ Barcelona ក្នុងឆ្នាំ២០១៩ តម្លៃ១២០លានអឺរ៉ូ ហើយរកបាន៣៥គ្រាប់ពី១០២ប្រកួត។ ចំនួននេះត្រូវបានគេប៉ាន់ស្មានថា មិនសមនឹងតម្លៃខ្លួនទេ។ គេបានត្រលប់ទៅ ATM វិញក្នុងកិច្ចសន្យាខ្ចីមួយរដូវកាល នាពេលថ្មីៗនេះ៕