Arsene Wenger នៅតែចង់ត្រឡប់មកកាន់តួនាទីជាអ្នកគ្រប់គ្រងបាល់ទាត់វិញ
(BC-99)
លោក Arsene Wenger អះអាងថាលោកមិនទាន់ចូលនិវត្តន៍ពីការងារជាអ្នកគ្រប់គ្រងទេហើយនៅតែមានបំណងវឹលមកកាន់មុខតំណែងមួយនេះវិញ។
ជាងបីឆ្នាំកន្លងទៅហើយដែលលោក Wenger បានចាកចេញពី Arsenal លើតួនាទីជាអ្នកចាត់ការទូទៅដែលលោកបានចំណាយពេល ២២ ឆ្នាំនៅលើមុខតំណែងនេះ។ ថ្មីៗនេះលោកត្រូវបានអញ្ជើញដោយសហព័ន្ធបាល់ទាត់ FIFA ដើម្បីបង្កើតមជ្ឈមណ្ឌលវិភាគការប្រកួតបាល់ទាត់កម្រិតពិភពលោក។
ដោយសារតែមិនទាន់កាត់ចិត្តជ្រះស្រឡះពីបាល់ទាត់ទើបបុរសវ័យ ៧១ ឆ្នាំរូបនេះបាននិយាយប្រាប់គេហទំព័រ FIFA ថា៖“ខ្ញុំបានធុំក្លិនស្មៅរៀងរាល់ព្រឹក ហើយថ្ងៃនេះខ្ញុំកាន់តែនឹកទៅដល់បរិយាកាសការងារដែលមានការងារដ្ឋបាលនៅក្នុងការិយាល័យ។ ជាក់ស្តែងខ្ញុំចង់បង្កើតមជ្ឈមណ្ឌលវិភាគការប្រកួតដែលប្រកបដោយប្រសិទ្ធភាពបំផុតសម្រាប់ FIFA ។ ខ្ញុំដឹងថានេះជាមហិច្ឆតាដ៏ធំ ប៉ុន្តែអ្នកនឹងឃើញថានៅ World Cup ឆ្នាំ ២០២២ យើងនឹងផលិតការវិភាគការប្រកួតដែលមានប្រសិទ្ធភាពដ៏ខ្ពស់បំផុត” ។