
Hazard ទាត់ចូលឲ្យ Real លើកដំបូងក្នុងរយៈពេល៣៩២ថ្ងៃ
គ្រាប់បាល់បញ្ចូលទីក្នុងសំណាញ Huesca នៅនាទី៤០ក្នុងជ័យជម្នះ៤ទល់នឹង១របស់ Real Madrid លើ SD Huesca ជាគ្រាប់បាល់លើកដំបូងរបស់ Eden Hazard រយៈពេល៣៩២ថ្ងៃចុងក្រោយ។
ខ្សែបម្រើជម្រើសជាតិបែលហ្ស៊ីកខកខានបង្ហាញខ្លួនសម្រាប់ក្រុមអធិរាជសមួយរយៈធំហើយដោយសាររបួស។ គេទាត់បញ្ចូលទីចុងក្រោយបង្អស់ក្នុងការប្រកួតជាមួយ Granada តាំងពីខែតុលា ឆ្នាំ២០១៩។ ៣៩២ថ្ងៃក្រោយមក អតីតកីឡាករ Chelsea បំប៉ោងសំណាញ់ទីសាជាថ្មី។
Hazard ត្រូវបានប្ដូរជំនួសដោយ Vinicius Junior នៅនាទី៦០។ យោងតាមស្ថិតិ គឺអតីតសមាជិកក្លិប Lille ញាក់គូប្រកួតជោគជ័យពីរលើក និងស៊ុតបាន៣ដង។ នេះជាភាពវិជ្ជមានសម្រាប់ Hazard ដែលអាចរក្សាទម្ងន់ខ្លួនបានល្អ។ Marca រាយការណ៍ថា កាលពីពីរខែមុន កីឡាករវ័យ២៩ឆ្នាំបានចំណាយពេលច្រើននៅកន្លែង gym ព្រោះបានប្ដេជ្ញាថា នឹងសម្រកទម្ងន់ដើម្បីឈានទៅកម្រិតដ៏អស្ចារ្យលើទីលាន។
ដោយឡែក ក្រោយចាប់ផ្ដើមរដូវកាលមិនសូវសមគួរ ភាពរីករាយក៏បានត្រលប់ទៅ Real Madrid វិញ។ ពួកគេឈ្នះពីរលើកជាប់ៗគ្នាហើយនៅ La Liga។ មុនការប្រកួតម្សិលមិញ ក្រុមលោក Zinedine Zidane បានយកឈ្នះ FC Barcelona ១ទល់នឹង៣នៅ Camp Nou ហើយ Real ឈរកំពូលតារាងមាន១៦ពិន្ទុពីការប្រកួត៧លើក៕