
SRU ទទួលបានការគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំខេត្ត និងគណៈប្រតិភូ
កីឡដ្ឋាន SRU និងក្លិបបាល់ទាត់សៀមរាបយូណាយធីតបានទទួលការទស្សនកិច្ចពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្តម ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងនៃក្រសួងការពារជាតិ ព្រមទាំងប្រតិភូជាច្រើនទៀតកាលថ្ងៃសៅរ៍ ទី៣១ ខែតុលា។
លោក ប៊ួយ ដារី អ្នកចាត់ការទូទៅក្លិបសៀមរាបយូណាយធីត ប្រាប់ MSR Sport ថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូខាងលើធ្វើឡើងក្នុងន័យឈ្វេងយល់អំពីទិសដៅអភិវឌ្ឍរបស់ក្លិប។ ជាមួយគ្នានេះថ្នាក់ដឹកនាំក៏បានកោតសរសើរចំពោះការរៀបចំរបស់ SRU ដែរ។
លោក ប៊ួយ ដារី លម្អិតបែបនេះ “៖ពួកគាត់សប្បាយចិត្ត និងគាំទ្រពួកយើងអ្វីដែលពួកយើងបានខិតខំធ្វើ ហើយពួកគាត់សន្យាថានឹងជួយកៀរគររកអ្នកឧបត្ថម្ភគាំទ្រដល់ពួកយើង”។
ថ្នាក់ដឹកនាំក្លិបសៀមរាបយូណាយធីតបានថ្លែងអំណរដល់ថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ចំពោះការចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនកិច្ចនៅកីឡដ្ឋាន SRU ដោយផ្ទាល់។
គួរដឹងដែរថា ក្លិបបាល់ទាត់សៀមរាបយូណាយធីត និងកីឡដ្ឋាន SRU ត្រូវបានបង្កើតឡើងដោយលោក លី សេងហួរ ដែលជាអ្នកជំនួញមួយរូបនៅខេត្តសៀមរាបក្នុងគោលបំណងជួយអភិវឌ្ឍវិស័យបាល់ទាត់ក្នុងខេត្ត និងកម្ពុជាទាំងមូល។ កីឡដ្ឋានដ៏ស្រស់ស្អាតនេះត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ២០១៩ និងបើកសហការជាមួយក្លិបចំនួនពីរនៅក្របខណ្ឌកំពូលកម្ពុជា គឺអង្គរថាយហ្គឺរ និងសូលទីឡូអង្គរ ប្រើប្រាស់ជាទឹកដី (Home)៕