
គុនខ្មែរជាច្រើនរូប នឹងអាចទៅប្រកួតនៅប្រទេសចិនក្រោមការបង្ហាត់ដោយ ជិន រ៉ា
បន្ទាប់ពី MSR SPORT បានចុះផ្សាយព័ត៌មាននិយាយអំពីក្លឹបប្រដាល់គុនខ្មែរថៅកែចិននៅខេត្តព្រះសីហនុ ក្រោមការបង្ហាត់ដោយលោក ជិន រ៉ា គិតត្រឹមពេលនេះ មានកីឡាករជាច្រើននាក់ហើយ ចាប់ផ្តើមដាក់ពាក្យសុំចូលហ្វឹកហាត់គុនខ្មែរនៅក្នុងក្លឹបដែលមានឈ្មោះថា “ឌឹដិនឆាយគុនខ្មែរ”។
បើយោងតាមសំដីរបស់លោកគ្រូ ជិន រ៉ា បានប្រាប់ក្រុមការងារ MSR SPORTS បញ្ជាក់លើព័ត៌មានចាស់ថា៖ គ្រប់កីឡាករគុនខ្មែរដែលមានធ្វើការហ្វឹកហាត់ជាមួយលោកនៅខេត្តព្រះសីហនុនាពេលនេះ គឺនឹងអាចមានឳកាសចេញទៅប្រកួតនៅប្រទេសចិន ក្រោមការធានារ៉ាបរ៉ងដោយថៅកែលោក ព្រោះនៅប្រទេសចិនក៏ចង់បានគុនខ្មែរយើងទៅប្រកួតនៅទីនោះដែរ។ ដូច្នេះនេះគឺជាឳកាសដ៏ល្អមួយ ព្រោះអាចជួយលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីឈ្មោះ និងរកប្រាក់ចំណូលបានច្រើនជាងមុន។
គិតមកត្រឹមពេលនេះលោក ជិន រ៉ា បានប្រាប់បន្ថែមទៀតថា៖ មានគុនខ្មែរប្រមាណ៨រូបហើយ បានចូលមកហ្វឹកហាត់ជាមួយលោក នេះមិនរាប់បញ្ជូលជនជាតិដែលកំពុងហ្វឹកហាត់នៅទីនោះទេ ហើយបើតាមដំណឹងបន្ថែម មានកីឡាករមួយចំនួនផ្សេងទៀតកំពុងសុំលោកចុះឈ្មោះចូលហ្វឹកហាត់ផងដែរ។ សូមបញ្ជាក់ថាក្លឹប “ឌឹដិនឆាយគុនខ្មែរ” មានទីតាំងនៅក្បែរផ្លូវវិថីឯករាជ្យ ចូលតាមច្រកផ្លូវ១២៥ ជិនរង្វង់មូលត្រីដូហ្វីន ក្លឹបដាក់ឈ្មោះថា “ឌឹដិនឆាយគុនខ្មែរ”៕