Chelsea ដាក់ Cech ក្នុងបញ្ជី២៥នាក់នៅ Premier League បង្ការហានិភ័យ
អ្នកចាំទី Petr Cech ត្រូវបានដាក់ឈ្មោះក្នុងបញ្ជី២៥នាក់របស់ Chelsea សម្រាប់ក្របខណ្ឌ Premier League ទោះបីជាបានចូលនិវត្តន៍ក្នុងនាមកីឡាករនៅដំណាច់រដូវកាល២០១៨/២០១៩។
បុរសវ័យ ៣៨ ឆ្នាំដែលជាទីប្រឹក្សាបច្ចេកទេស ត្រូវបានក្លិបបន្ថែមឈ្មោះបង្គ្រប់ដើម្បីការពារហានិភ័យណាមួយកើតឡើង។
Cech បានហ្វឹកហាត់ជាមួយក្រុមធំពីរបីសប្ដាហ៍មកហើយ ហើយ Chelsea ចង់ដាក់រូបគេក៏ក្នុងបំណងជួយចែករំលែកបទពិសោធដល់អ្នកចាំទីក្មេងៗឯទៀត។ ដូច្នេះ បុរសជនជាតិឆែកជាជម្រើសទី៤បន្ទាប់ពី Kepa Arrizabalaga, Edouard Mendy និង Willy Caballero។
Kepa ដែលជាអ្នកចាំទីថ្លៃជាងគេលើលោកបានបង្កកំហុសយ៉ាងញឹកញាប់ ដូច្នេះក្រុមតោខៀវគិតថា ជារឿងល្អក្នុងការនាំយក Cech ទៅជួយក្រុមធំ។
Petr Cech ចំណាយពេល១១រដូវកាលនៅ Chelsea មុនចាកចេញទៅ Arsenal នៅឆ្នាំ២០១៥។ នៅ Stamford Bridge គេត្រូវបានចាត់ទុកជាអ្នកចាំទីល្អមួយរូបលើក ហើយបានរួមចំណែកឈ្នះ Premier League ៤ដង, FA Cup ៤ដង, UEFA Champions League មួយលើក និង Europa League មួយលើក៕