Giroud ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេទីពីរឲ្យជម្រើសជាតិបារាំង
Olivier Giroud បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី២សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយរកបានពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៧ទល់នឹង១លើជម្រើសជាតិអ៊ុយក្រែនប្រកួតមិត្តភាពនៅថ្ងៃពុធ ទី០៧ ខែតុលា។
ខ្សែប្រយុទ្ធ Chelsea រូបនេះរកបានសរុប៤២គ្រាប់ក្នុងការបង្ហាញខ្លួនជាអន្តរជាតិលើកទី១០០របស់ខ្លួន និងជំនួសលោក Michel Platini នៅចំណាត់ថ្នាក់លេខពីរ។ លោក Platini ធ្វើបាន៤១គ្រាប់ពីការចូលលេង៧២ប្រកួតចន្លោះឆ្នាំ១៩៧៦ដល់១៩៨៧។ ចំណែក Thierry Henry នៅកំពូលតារាងដោយមាន៥១គ្រាប់ពីការបង្ហាញខ្លួន១២៣ដង។
ក្នុងការប្រកួតមិត្តភាពនេះដែរ យុវជន Eduardo Camavinga អាយុ ១៧ ឆ្នាំបានទាត់បកក្រោយបញ្ចូលទីគ្រាប់បើកឆាកដំបូងរបស់ខ្លួនដើម្បីក្លាយជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេទី ២សម្រាប់បារាំង។
Corentin Tolisso, Kylian Mbappe និង Antoine Griezmann សុទ្ធតែរកបានម្នាក់មួយគ្រាប់ ខណៈVitaliy Mykolenko របស់អ៊ុយក្រែនភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯង។
អ៊ុយក្រែនដែលមានអតីតខ្សែប្រយុទ្ធ AC Milan លោក Andriy Shevchenko ជាគ្រូបង្គោល រកបានមួយគ្រាប់ដោយ Viktor Tsygankov៕