Messi តាមស្មើកំណត់ត្រា Giggs នៅ UCL
មួយគ្រាប់ក្នុងសំណាញ់ក្លិបហុងគ្រី Ferencvaros ជួយឲ្យ Lionel Messi តាមស្មើកំណត់ត្រាអតីតតារាឆ្នើម Manchester United លោក Ryan Giggs ដែលរកបានគ្រាប់បាល់នៅ UEFA Champions League ចំនួន១៦រដូវកាល។
Messi បានបង្ហាញខ្លួននៅក្របខណ្ឌកំពូលអឺរ៉ុបសម្រាប់ FC Barcelona លើកដំបូងនៅរដូវកាល២០០៤/២០០៥ តែគេចាប់ផ្ដើមទាត់ចូលនៅមួយរដូវកាលបន្ទាប់ហើយមកដល់បច្ចុប្បន្ន ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះរកបានគ្រាប់បាល់១៦រដូវកាលជាប់គ្នា។
សម្រាប់ Ryan Giggs វិញក៏បាន១៦រដូវកាលដែរ តែមិនជាប់ៗគ្នាទេ។ ជាក់ស្ដែងលោកចាប់ផ្ដើមទាត់ចូលនៅ UCL សម្រាប់ Man UTD ក្នុងរដូវកាល១៩៩៤/១៩៩៥ ហើយដល់រដូវកាល១៩៩៦/១៩៩៧ទើបអាចរកបានជាប់ៗគ្នារហូតដល់រដូវកាល២០១១/២០១២។
Messi ដែលធ្វើបាន១១៦គ្រាប់នៅ UCL ហើយនោះទំនងមានឱកាសបំបែកកំណត់ត្រារបស់ Ryan Giggs ព្រោះនៅវ័យ៣៣ឆ្នាំនៅឡើយ ខណៈ Barcelona នៅតែជាក្រុមមានឱកាសលេង UEFA Champions League នៅរដូវកាលក្រោយទៀត។
ដោយឡែក FC Barcelona បានបើកឆាកឈ្នះ Ferencvaros ៥ទល់នឹង១ នៅ Camp Nou។ ជាមួយគ្នានេះ Pedri វ័យ១៧ឆ្នាំរកបានគ្រាប់បាល់ដំបូងនៅក្រុមធំ FC Barcelona ផងដែរ៕