
លោក អេ ភូថង ប្រាប់មូលហេតុដែលមិនសូវចាប់ឈ្មោះ ធឿន ធារ៉ា និង បាំង កាយ៉ាក ឡើងប្រកួតញឹកញាប់

ក្រុមអ្នកប្រយុទ្ធអេភូថង
មានទស្សនិកជនជាច្រើនបាននាំគ្នាសួរថា ហេតុអ្វីមិនសូវឃើញវត្តមាន ធឿន ធារ៉ា ប្រកួតញឹកញាប់ដូចកូនសិស្សដ៏ទៃទៀត ពោលគឺ យ៉េន ឌីណា និង ម៉ឺន មេឃា ជាដើម? ជាមួយគ្នានេះ បើយោងតាមការឲ្យដឹងរបស់លោក អេ ភូថង ដែលជាគ្រូបង្ហាត់ក្នុងក្លឹប អេភូថងកីឡា និង ក្រសួងកសិកម្ម បាននិយាយប្រាប់ក្រុមការងារ MSR SPORT ថា៖ ធឿន ធារ៉ា និង បាំង កាយ៉ាក លោកមិនសូវចាប់ឈ្មោះឲ្យឡើងប្រកួតប៉ុន្មានទេ ដោយសារតែពួកគេទាំង២រូបហ្វឹកហាត់មិនបានគ្រប់គ្រាន់ ហើយក៏ធ្លាប់បានធ្វើឲ្យទស្សនិកជនមិនសូវពេញចិត្តលើការប្រកួតរបស់ពួកគេទាំងពីរូប ដូច្នេះហើយទើបយូរៗម្តងលោកចាប់ឈ្មោះអោយឡើងប្រកួត តែដរាបណាកូនសិស្សរបស់លោកមកហ្វឹកហាត់បានពេញលេញ។

យ៉េន ឌីណា និង ម៉ឺន មេឃា
គួរបញ្ជាក់ថា ធឿន ធារ៉ា និង បាំង កាយ៉ាក មួយរយៈក្រោយនេះធ្លាក់ទម្រង់ប្រកួតខ្លាំងមែន ហើយបើតាមប្រភពអ្នកនៅក្បែរខ្លួនពួកគេក៏បានបង្ហើបប្រាប់ឲ្យដឹងដែរថា៖ ធឿន ធារ៉ា មិនសូវបានមកហ្វឹកហាត់គ្រប់គ្រាន់ ម្យ៉ាងវិញទៀតជាប់រវល់ជាមួយគ្រួសារ ចំណែកឯក បាំង កាយ៉ាក វិញ ក្រៅពីឡើងសង្វៀនប្រកួត ក៏មានមុខរបរផ្សេងទៀត ជាអ្នកចិញ្ចឹមខ្យងជំពុះទានៅឯខេត្តកោះកុង៕

ធឿន ធារ៉ា និង យ៉េន ឌីណា