បើមានអ្នកឧបត្ថម្ភគ្រប់គ្រាន់ ប្រដាល់សកលកម្ពុជានឹងរៀបចំការប្រកួតរាល់សប្ដាហ៍
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបង្ហើបថា ការប្រកួតប្រដាល់សកលរៀងរាល់សប្ដាហ៍អាចនឹងកើតមានឡើង ប្រសិនបើអ្នកមានចូលរួមសហការឧបត្ថម្ភ។
លោក ប៊ុយ សោភ័ណ្ឌ ថ្លែងបែបនេះបន្ទាប់ពីចប់កិច្ចប្រជុំក្នុងចំណោមគណៈកម្មាធិការប្រតិបត្តិបូកសរុបការងារឆមាសលើកទី១ និងលើកទិសដៅការងារឆមាសលើកទី២។ លោកថា សហព័ន្ធកំពុងស្វែងរកអ្នកឧបត្ថម្ភពីតាមបណ្ដាក្រុមហ៊ុននានាដើម្បីរៀបចំការប្រកួតដោយខ្លួនឯង។
លោក ប៊ុយ សោភ័ណ្ឌ សង្កត់ធ្ងន់ថា ការរៀបចំនេះគឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស។
គួរដឹងដែរថា កន្លងមក ស្ថានីយមួយចំនួនបានដាក់បញ្ចូលប្រដាល់សកលខ្លះៗក្នុងកម្មវិធីប្រចាំសប្ដាហ៍ តែមិនសូវមានភាពជាប់លាប់ឡើយ។
សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាក៏ធ្លាប់បានចូលរួមការប្រកួតអន្តរជាតិជាច្រើនដែរ ដែលមានព្រឹត្តិការណ៍ស៊ីហ្គេមជាដើម និងទទួលបានមេដាយជាហូរហែ។
ដោយឡែក របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិបូកសរុបការងារឆមាសលើកទី១ និងលើកទិសដៅការងារឆមាសលើកទី២ មាន៤ចំណុច ទី១ ពិនិត្យលើរបាយការណ៍លើឆមាសទី១ និង លើកទិសដៅឆមាសទី២ ឆ្នាំ២០២១ ។ ទី២ ពិនិត្យលើស្ថានភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិ, ទី៣ ត្រៀមលក្ខណៈទៅហ្វឹកហាត់ និង ប្រកួត នៅប្រទេសបារាំង និង ទី៤ បញ្ហាផ្សេងៗ៕