
សរុបក្រោយចប់ជុំទី១ លីគកំពូលកម្ពុជា រកឃើញក្រុមប្រជែងពានទាំងប្រាំមួយ
ការប្រកួតក្របខណ្ឌបាល់ទាត់លំដាប់ទី១ របស់កម្ពុជា រដូវកាល២០២០ ជុំដំបូង ត្រូវបានបញ្ចប់កាលពីម្សិលមិញ ដោយរកឃើញក្រុមទាំង ៦ ដែលត្រូវតទល់គ្នា ស្វែងរកជើងឯក ខណៈដែលក្រុមចំនួន ៧ ចុះក្រោមនៃតារាងពិន្ទុក៏ប្រកួតគ្នាដើម្បីគេចផុតពីការកាត់ទៅលីគទី២ មួយក្រុមនៅបាតតារាង។
ក្រោយបញ្ចប់ជុំទី១នេះ ក្រុម បឹងកេត កំពុងឈរនៅកំពូលតារាងដោយឆ្លងកាត់ ១២ ប្រកួត ឈ្នះ ១០ និងស្មើ២ ដង ចំណែកក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ស្ថិតនៅលេខ២ ហើយបន្ទាប់ វិសាខា, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន និងណាហ្គាវើលដ៍។ ក្រុមទាំង ៦ នេះ ត្រូវធ្វើការប្រកួតជាមួយគ្នាដើម្បីស្វែងរកជើងឯក ដោយគិតពិន្ទុបន្តពីជុំទី១ សម្រាប់ការចាប់ឆ្នោតប្រកួតនៅជុំទី២ ត្រូវធ្វើឡើងនាថ្ងៃស្អែក។
សូមបញ្ជាក់ផងដែរថា កីឡាករដែលកំពុងប្រជែងស្បែកជើងមាសរួមមាន Pedro Augusto ១៤ គ្រាប់, ម៉ាត់ នូរុណ និង Privat រកបាន ១៣ គ្រាប់, Filip Mihaljević មាន ១២ គ្រាប់ និងខ្សែប្រយុទ្ធមាឌធំ Timothy រកបាន ១១ គ្រាប់ អ្នកទាំងប្រាំនេះ នៅសល់ ៥ ប្រកួតទៀតនាជុំទី២ ដើម្បីប្រជែងពានផ្ទាល់ខ្លួន៕