Payet កីឡាករ Marseille ធ្វើការលេងសើចចំពោះ PSG បន្ទាប់ពីចាញ់នៅ Champions League
(BC-99)
កីឡាករ Dimitri Payet របស់ក្រុម Marseille បានលេងសើចចំអកឱ្យ Paris Saint-Germain នៅលើបណ្តាញសង្គមបន្ទាប់ពីពួកគេបានចាញ់ក្រុម Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអាទិត្យ។
នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ PSG នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់កំពូលទ្វីបអឺរ៉ុបក្រុមជើងឯក Ligue 1 នេះត្រូវបានស៊ុតបញ្ចូលទីយកឈ្នះដោយលទ្ធផល ១-០ ដោយខ្សែប្រយុទ្ធស្លាប Kingsley Coman របស់ក្រុមប្រជែង Bayern Munich ក្នុងទីក្រុង Lisbon ។
នៅក្នុងប្រទេសបារាំងនេះដែរគូប្រជែងដ៏ជូរចត់របស់ PSG គឺជា Marseille ដែលជាក្រុមបារាំងតែមួយគត់ដែលបានឈ្នះពានរង្វាន់ UEFA Champions League នេះកាលពីឆ្នាំ ១៩៩៣ ។ កីឡាករ Dimitri Payet បានធ្វើវីឌីអូឃ្លីបរយៈពេលខ្លីមួយជាការលេងសើចដោយដាក់ស្លាកសញ្ញាអាវ PSG នៅពីក្រោមផ្កាយ ហើយគេបានយកចង្អុលដៃគ្រវីជាការបដិសេធនិងបានដកអាវនុះចេញវិញទើបគេឃើញស្លាកសញ្ញាក្រុម Marseille នៅពីក្រោមផ្កាយនុះទៅវិញ។
នៅលើគណនីនៃបណ្តាញសង្គមផ្សេងទៀតគេក៏ឃើញមានវីដេអូរបស់អ្នកគាំទ្រ Marseille បានអបអរសាទរនៅតាមដងផ្លូវចំពោះបរាជ័យ PSG ដែលបានចំណាយទឹកប្រាក់ដ៏មហាសាលនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ប៉ុន្តែនៅតែមិនអាចទទួលបានពានរង្វាន់ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបបាន។