CR7 ថា មិនបង្ខំកូនប្រុសធ្វើរឿងបែបនេះទេ
Cristiano Ronaldo បង្ហើបថា ពិតជាចង់ឲ្យកូនប្រុសក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប តែថា មិនដែលបង្ខំ ឬដាក់សម្ពាធទេ។
សារព័ត៌មាន Goal បានស្រង់សម្ដី CR7 បែបនេះ “៖ពេលខ្លះគាត់ផឹកទឹកមានជាតិកាបូន, ញុំានំដំឡូង ទោះគាត់ដឹងថា ខ្ញុំមិនឲ្យគាត់ញុំាអ៊ីចឹងក៏ដោយ។ ពេលខ្លះខ្ញុំឲ្យគាត់មុជទឹកត្រជាក់ដើម្បីឆាប់មានកម្លាំងវិញក្រោយរត់ហ្វឹកហាត់ តែគាត់ថា រងាពេក។ តែមិនអីទេ ព្រោះគាត់ទើបអាយុ១០ឆ្នាំហ្នឹង។”
កីឡាករ Juventus បន្ថែម “៖យើងចាំមើលថា គាត់នឹងអាចក្លាយជាកីឡាករដ៏អស្ចារ្យឬអត់។ គាត់មានសក្ដានុពល ទាំងល្បឿន និងការញាក់បាល់ តែមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំឧស្សហ៍ប្រាប់កូនរហូតហ្នឹង ថាត្រូវតែប្រឹងដើម្បីជោគជ័យ។”
កូនប្រុសច្បង Ronaldo គឺ Ronaldo Jr. កើតឆ្នាំ២០១០។ គេទទួលបានទេពកោសល្យពីឪពុក និងចង់ស្នងតំណែងពី CR7។ ក្មេងប្រុសរូបនេះក៏បានផ្លាស់ទៅថ្នាល Juventus ក្រោយឪពុករបស់គេចេញពី Real Madrid ទៅក្លិបអ៊ីតាលីមួយនេះ។
គេមានតួនាទីជាខ្សែប្រយុទ្ធ ដូចឪពុក ហើយ Ronaldo បង្រៀនគេប្រឹងប្រែងខ្លាំងដូចគ្នា។ លើបណ្ដាញសង្គមវិញ CR7 Junior ចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។
Cristianno Ronaldo អះអាងថា មិនដែលបង្ខំឲ្យកូនប្រុសត្រូវតែក្លាយជាកីឡាករបាល់ទាត់ទេ អ្វីសំខាន់នោះត្រូវប្រឹងប្រែងលើការងារអ្វីមួយ៕