
Williams កើនប្រាក់ឈ្នួល១០ដងក្នុងកិច្ចសន្យាថ្មីនៅ Man UTD
ខ្សែការពារ Brandon Williams ដែលស្ថិតក្នុងចំណោមយុវជន១២រូបត្រូវបានដំឡើងចូលក្រុមធំ Manchester United រដូវកាលនេះ ទើបចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៤។
កីឡាករវ័យ១៩ឆ្នាំបានចូលហាត់នៅក្រុមបិសាចក្រហមតាំងពីអាយុ៧ឆ្នាំ និងបង្ហាញខ្លួន៣៣ដងពីគ្រប់កម្មវិធីនៅរដូវកាល២០១៩/២០២០។
យោងតាម the Mirror ថ្នាក់ដឹកនាំបានសម្រេចដំឡើងប្រាក់ឈ្នួលរបស់គេពី៤០០០ផោនទៅ៤០០០០ផោនក្នុងមួយសប្ដាហ៍ ក្រោយបង្ហាញសមត្ថភាពយ៉ាងល្អក្នុងក្រុមធំ។
Williams ថ្លែងក្រោយចុះកុងត្រាថ្មីបែបនេះ “ការបន្តកុងត្រាថ្មី គឺជាពេលវេលាប្រកបដោយមោទកភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ មកហាត់តាំងពីអាយុ៧ឆ្នាំ និងបានលេងក្រុមធំប្រៀបដូចជាសុបិនសម្រាប់ខ្ញុំ។ ខ្ញុំបានឆ្លងកាត់ការលំបាកច្រើន។ វត្តមាននៅក្រុមធំពិតជាមានន័យសំខាន់សម្រាប់ខ្ញុំ។”
ចំណែកលោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅថ្លែងថា កិច្ចសន្យាថ្មី គឺជាការតេស្ដវឌ្ឍនភាពរបស់ William។ លោកថា កីឡាករវ័យក្មេងរូបនេះយល់ច្បាស់ពីតួនាទីនៅ Man UTD ហើយគេក៏មានឆន្ទៈក្នុងការរៀនសូត្របន្តទៀត៕