
ខ្សែបម្រើស្លាប Willian របស់ក្លឹបតោខៀវ Chelsea កំពុងទាក់អារម្មណ៍ក្លឹបចំនួនពីរនៅ Premier League
(BC-99)
ភ្នាក់ងារតំណាងកីឡាកររបស់ក្លិបតោខៀវ Chelsea បានអោយដឹងថា Willian បានទទួលការចាប់អារម្មណ៍ពីក្លឹបចំនួន ៥ ក្នុងនោះមាន ២ គឺជាក្លឹបនៅ Premier League ។
កិច្ចសន្យារបស់ Willian នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយក្នុងខណៈពេលដែលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនឈានដល់កិច្ចព្រមព្រាងពន្យាពេលជាមួយក្លឹបតោខៀវ Chelsea ឡើយ។
ក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្រុមដែលលេចឮព័ត៌មានមកថាបានចាប់អារម្មណ៍ចង់បានកីឡាកររូបនេះអោយចូលរួមក្រុមរបស់ខ្លួនដែលមានន័យថាគេនឹងនៅក្នុងទីក្រុងឡុងដដែល។
បើទោះជាមានការរំពឹងទុកថា Willian នឹងផ្លាស់ប្តូរគំនិតរបស់គេអំពីការបន្តកុងត្រារយៈពេល២ ឆ្នាំបន្ថែមដើម្បីនៅ Stamford Bridge ក៏ដោយក៏លោក Kia Joorabchian ដែលជាភ្នាក់ងារតំណាងអោយកីឡាករខាងលើនេះបាននិយាយថាមានក្លឹបចំនួនពីរនៅអង់គ្លេសពីរមកពីកន្លែងផ្សេងទៀតនៅអឺរ៉ុបនិងមួយមកពី MLS ចង់ចុះហត្ថលេខាយកកីឡាករវ័យ ៣១ ឆ្នាំម្នាក់នេះ។
Joorabchian បានប្រាប់ talkSPORT ថា “ខ្ញុំមិនដឹងថាសមីកីឡាករគេសម្រេចចិត្តបែបណានុះទេ តែមានក្លឹបបាល់ទាត់មួយចំនួនដែលកំពុងចាប់អារម្មណ៍លើរូបគេ។ យើងទទួលបានសំណើរដ៏ធំចំនួនពីរ ទីមួយគឺក្លឹបនៅ MLS ដែលចង់បានរូបគេតាំងពីថ្ងៃទី ១ ខែកក្កដាមកម៉្លេះ ប៉ុន្តែ Willian បានច្រានចោលសំណើរនេះដោយគេចង់បញ្ចប់រដូវកាលជាមួយក្លឹបតោខៀវអោយរួចរាល់សិន។ ទីពីរគឺជាសំណើររបស់ក្លឹបនៅ Premier League តែម្តងដោយគេបានផ្តល់នូវលក្ខខណ្ឌដ៏ល្អដល់ Willian ។ដូច្នេះខ្ញុំគិតថាកីឡាករម្នាក់នេះនៅតែស្ថិតក្នុងជំហរដ៏ល្អហើយគេនឹងធ្វើការសម្រេចចិត្តរបស់គេបន្ទាប់ពីបញ្ចប់ការប្រកួតអោយ Chelsea បានរួចរាល់ហើយនោះ” ។
គួររម្លឹកដែរថាក្រុមតោខៀវ Chelsea នឹងត្រូវជួបក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី ១ ខែសីហាខាងមុខនេះរួចនឹងបន្តជួបប្រកួតកាត់ក្តីវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ជើងទី២ជាមួយ Bayern Munich នាកីឡដ្ឋាន Allianz Arena ដើម្បីសម្រេចជោគវាសនាថាពួកគេអាចឡើងទៅវគ្គ៨ក្រុមបានឬក៏អត់។